កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានរៀបចំកម្មវិធីធនាគារអាហារដើម្បីជួយសហគមន៍ នៅអនុវិទ្យាល័យ អនុវត្តដែលស្ថិតនៅក្នុងក្រុងតាខ្មៅ។ ក្នុងកម្មវិធីនេះមានលោកគ្រូ អ្នកគ្រូ ហើយជាពិសេសសិស្សានុសិស្សចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដើម្បីផ្សារភ្ជាប់យុវជនក្នុងវ័យសិក្សាទៅនឹងសកម្មភាពសង្គមឱ្យយល់ដឹងពីសង្គមទូទៅតាមរយៈចុះជួយសហគមន៍ផ្ទាល់ពីកម្មធនាគារអាហារ វាជាឱកាសឱ្យសិស្សានុសិស្សទាំងនោះចែករំលែកនូវធនធាន ទ្រព្យសម្បត្តិ និងកម្លាងកាយចិត្តដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យជ័យជំនះ ក្នុងខេត្តកណ្ដាល។ សកម្មភាពធនាគារអាហារលើកនេះ គឺធ្វើឡើងដើម្បីបំផុស និងរួមចំណែកក្នុងការផ្សព្វផ្សាយសកម្មភាពសប្បុរសធម៌ ការអប់រំតាមរយៈចំណេះដឹង បណ្ដុះស្មារតី និងលើកទឹកចិត្តដល់យុវជនចូលរួមក្នុងការងារសប្បុរសធម៌ ហើយវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលជីវភាពអ្នកជំងឺ ដែលកំពុងជួបនូវការខ្វះខាត និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែបំផុសគំនិតស្មារតី និងសកម្មភាពសប្បុរសធម៌ នៅក្នុងសង្គម ដល់សិស្សានុសិស្សឱ្យសកម្ម និងចូលរួមកិច្ចការសង្គម ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែប្រសើរ៕