កាលពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយនឹងគម្រោងភ្នំពេញស្អាត បានបើកអង្គសិក្ខាសាលាមួយស្ដីពី យុទ្ធនាការភ្នំពេញស្អាត ដល់សិស្សានុសិស្ស។ នៅក្នុងសិក្ខាសាលានេះ អ្នកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានកោតសរសើរ ដល់ក្រុមយុវជន ស្ម័គ្រចិត្តក្នុងគម្រោងភ្នំពេញស្អាត ដែលមានសកម្មភាពយ៉ាងសកម្ម ក្នុងការរួមចំណែកកាត់បន្ថយ និងឈានទៅលុបបំបាត់សំរាម នៅក្នុងរាជធានី។ ទន្ទឹមនឹងនេះ អ្នកស្រី ក៏បានកោតសរសើរ ដល់អតីតសិស្សសាលារៀន AIS ដែលក្លាហាន មានទឹកចិត្ត និងមានសមត្ថភាពធ្វើកិច្ចការនៅក្នុងគម្រោងភ្នំពេញស្អាតនេះផងដែរ។ អ្នកស្រី រំពឹងថា សិក្ខាសាលានេះ នឹងជាប្រយោជន៍ ដល់សិស្សានុសិស្ស និងបន្តផ្សព្វផ្សាយ ដល់បងប្អូន មិត្តភក្ដិ និងមនុស្សនៅជុំវិញឱ្យបានផុសផុល ដើម្បីក្រុងភ្នំពេញ និងកម្ពុជាទាំងមូល មានសម្រស់កាន់តែប្រពៃ។
លោក ផល ពិសាល នាយកគ្រប់គ្រង និងជាប្រធានគម្រោងអនុវត្តស្អាត បានលើកឡើងថា នេះជាលើកទី២ ហើយ ដែលគម្រោងភ្នំពេញស្អាត សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង បើកជាសិក្ខាសាលា ដល់សិស្សានុសិស្ស ដើម្បីជាប្រយោជន៍ ដល់សង្គមរួម។ លោកបន្តថា កម្មវិធីនេះ បើគ្មានការគាំទ្រ និងចូលរួមពីសាលារៀន AIS ទេ ក៏កម្មវិធីនេះ មិនអាចប្រព្រឹត្តិទៅបានដែរ។ ការបង្កើតឱ្យមាន យុទ្ធនាការភ្នំពេញស្អាតនេះ ព្រោះសំរាមមិនមែនជារបស់នរណាម្នាក់ទេ។ ពោលគឺកើតចេញពីយើងទាំងអស់គ្នា ដែលទាមទារឱ្យមានការចូលរួមចំណែក និងទទួលខុសត្រូវរួមគ្នាក្នុងទិសដៅមួយគឺ ស្អាត។ លោកបន្តថា យុទ្ធនាការភ្នំពេញស្អាតនេះ ក៏ផ្ដោតជាចម្បងទៅលើការផ្លាស់ប្ដូរឥរិយាបទ តាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជា។ ជាពិសេសនៅរាជធានីភំ្នពេញ ក្រោមពាក្យស្លោក “សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។ អត្ថបទ ដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ