ជាការប្តូរបរិយាកាសសិក្សា សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២៨ ខែមិថុនានេះ បាននាំសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងថ្នាក់ទី១ ទៅលេងកីឡា នៅក្លិបកីឡា ហេង ហេង ស្ពតក្លិប និងដោនថោន ដើម្បីឱ្យពួកគេបានធ្វើចលនាផ្សេងៗ សប្បាយរីករាយ និងស្គាល់បរិយាកាសខាងក្រៅ។ លោកគ្រូ អ្នកគ្រូដែលបានដឹកនាំសិស្សទៅ បានបង្កើតប្រភេទកីឡាងាយៗ និងល្បែងកម្សាន្ត ឱ្យពួកគេបានលេងសប្បាយជុំគ្នា ដូចជាបោះកង បោះបាល់ចូលកន្រ្តក និងល្បែងកំសាន្តផ្សេងទៀត។ គោលបំណងសំខាន់ដែលដឹកនាំសិស្សទៅថ្ងៃនេះ គឺដើម្បីឱ្យសិស្សានុសិស្សសប្បាយរីករាយជាមួយនឹងការលេងល្បែងកម្សាន្តសប្បាយៗ ធ្វើចលនាបំលាស់ទីមានដូចជា ដើរ រត់ លោត និងវា ជាដើម។ មួយវិញទៀតធ្វើឱ្យប្អូនតូចៗផ្លាស់ប្តូរបរិយាកាសពីក្នុងថា្នក់រៀនមកបរិយាកាសខាងក្រៅ។ ព្រោះដោយសារចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មកគឺគាត់រៀននៅក្នុងថ្នាក់ អ៊ឹងចឹងធ្វើឱ្យគាត់មានអារម្មណ៍ស្រ្តេស ធុញថប់នឹងការសិក្សា អ៊ឹងចឹងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតកម្មវិធីនេះ ដើម្បីឱ្យគាត់ចេញមកបរិយាកាសខាងក្រៅ ដើម្បីឱ្យសប្បាយ ស្គាល់គេថាខាងក្រៅហ្នឹងមិចដែរ ព្រោះគាត់នៅតែក្នុងថ្នាក់។ ម្យ៉ាងទៀតការហាត់ប្រាណតិចតួច បន្ទាប់មកឱ្យគាត់លេងហ្គេមសប្បាយៗ ឱ្យគាត់ធូរអារម្មណ៍ កុំឱ្យគាត់មានអារម្មណ៍តានតឹងស្រ្តេសក្នុងខ្លួន។ បន្ថែមពីនេះ ការនាំក្មេងតូចៗមកលេងកីឡាបែបនេះក៏ធ្វើឱ្យពួកគេ ចេះការសហការគ្នា ចេះចែករំលែក និងចេះជួយគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ ការហាត់ប្រាណក៏ធ្វើឱ្យលូតកម្ពស់ មានទឹកមុខសប្បាយរីករាយ និងមានសុខភាពល្អ ដើម្បីជំរុញការលូតលាស់កាយសម្បទា សុខភាពកុមារឱ្យរឹតតែរឹងមាំ និងបង្កើនសមត្ថភាពប្រាជ្ញាស្មារតី ព្រមទាំងភាពក្លាហានក្នុងការធ្វើទំនាក់ទំនងជាមួយនឹងមជ្ឈដ្ឋានខាងក្រៅកាន់តែប្រសើរឡើង ហើយអ្វីដែលរឹតតែពិសេសនោះ គឺធ្វើឱ្យកុមារមានស្មារតីប្រយ័ត្នប្រយែងខ្ពស់ រហ័សរហួន និងមានភាពឈ្លាសវៃប៉ិនប្រសប់ផងដែរ៕អត្ថបទ និងរូបភាពដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
Category: កីឡា