កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សរបស់ខ្លួនចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារប្រចាំឆ្នាំ២០១៧ ជាមួយសិស្សានុសិស្សមកពីបណ្តាលសាលារៀនរដ្ឋ និងឯកជននៅទូទាំងរាជធានីខេត្ត ដែលមាន២៧ក្រុមដើម្បីបញ្ចេញសមត្ថភាពប្រកួតប្រជែង ហើយនឹងត្រូវត្រៀមខ្លួនទៅវគ្គផ្តាច់ព្រ័ត្រទៀត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅសាលមហោស្រពចតុមុខ។ ការប្រកួតប្រជែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារ ប្រចាំឆ្នាំ២០១៧ នេះ បានការរៀបចំឡើងដោយក្រសួងព័ត៌មាន ដែលតម្រូវឱ្យបេក្ខជននៃក្រុមនីមួយៗនិពន្ធទំនុកភ្លេង បទចម្រៀង និងជាការសម្ដែងដោយខ្លួនឯង ដោយផ្ដោតទៅលើការអប់រំជាសំខាន់។ ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំងនឹងអាចទទួលបានជ័យជម្នះដូចឆ្នាំមុនដែរ ព្រោះថាពួកគាត់បានប្រឹងប្រែងហ្វឹកហាត់ ព្រមទាំងមានគ្រូផ្នែកសិល្បៈបានចង្អុលបង្ហាញ និងណែនាំផងដែរ។ កម្មវិធីនេះពិតជាមានប្រយោជន៍ចំពោះសិស្សានុសិស្សក្មេងៗ ពីព្រោះវាជាឱកាសឱ្យពួកគេបានបញ្ចេញសមត្ថភាព ចំណេះដឹង ទេពកោសល្យ និងបទពិសោធផ្ទាល់ខ្លួន ដើម្បីបង្ហាញទៅកាន់ទស្សនិកជន។ បេក្ខជនមួយក្រុមដែលជាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្លាប់ដណ្ដើមបានជ័យជម្នះលេខ១ ម្ដងរួចមកហើយ កាលពីដើមខែឧសភា ឆ្នាំ២០១៦ នៅក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារ ប្រចាំឆ្នាំ២០១៦ កន្លងទៅ៕
Category: ការប្រកួតប្រជែងចំណេះដឹង