កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានទទួលគណៈប្រតិភូអធិការកិច្ចរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ចុះអធិការកិច្ចលើថ្នាក់មត្តេយ្យ និងបឋមសិក្សា នៅអគារវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ចាប់ផ្តើមពីម៉ោង៧:០០នាទី ដល់ម៉ោង១០:០០នាទីព្រឹក។ គណៈគ្រប់គ្រងសាលា បានទទួលស្វាគមន៍គណៈប្រតិភូអធិការកិច្ចយ៉ាងរាក់ទាក់ដែលចុះត្រួតពិនិត្យលើការបង្រៀនថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦ ទៅលើការគ្រប់គ្រង និងការងាររដ្ឋបាល បរិស្ថាន បណ្ណាល័យ និងរដ្ឋបាលថ្នាក់រៀន។ គណៈប្រតិភូអធិការកិច្ច បានចុះត្រួតពិនិត្យដោយផ្ទាល់ពីវិធីសាស្រ្តបង្រៀនរបស់លោកគ្រូ អ្នកគ្រូក្នុងថ្នាក់ជាក់ស្តែងសកម្មភាពសិស្សានុសិស្សកំពុងរៀន និងគ្រូបង្រៀនក្នុងថ្នាក់ មានការសួរសំណួរ ការឆ្លើយសំណួរ ការកត់មេរៀន និងការស្តាប់គ្រូពន្យល់មេរៀនយ៉ាងយកចិត្តទុកដាក់។ គណៈប្រតិភូអធិការកិច្ចផ្សេងៗទៀត បានទៅត្រួតពិនិត្យឯកសារជាច្រើនលើការងាររដ្ឋបាល បរិស្ថាន សាលា និងជុំវិញសាលា។ បន្ទាប់មកទៀត គណៈគ្រប់គ្រងសាលា និងគណៈប្រតិភូអធិការកិច្ច បានសំណេះសំណាលបូកសរុប និងផ្តល់នូវអនុសាសន៍ខ្លះៗទាក់ទងនឹងការងារបន្ថែម។
គណៈកម្មការអធិការកិច្ច មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគណៈនាយកសាលា ដែលបានយកចិត្តទុកដាក់សហការការងារបានល្អ។ លោកសូមកោតសរសើរដោយស្មោះចំពោះការខិតខំទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ធ្វើឱ្យសាលាមានការអភិវឌ្ឍកាន់តែប្រសើរឡើងលើការងារគ្រប់គ្រងរដ្ឋបាល ការិយាល័យ ការរៀបចំកែលម្អបរិស្ថាន ការរៀបចំថ្នាក់រៀន ជាពិសេសគរុកោសល្យក្នុងការបង្រៀនសិស្ស ហើយលោកបន្ថែមថា លទ្ធផលជាវិជ្ជមានរបស់សាលាគឺស្របតាមកំណែទម្រង់ស៊ីជម្រៅ និងគោលនយោបាយអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។