អត្ថបទព័ត៌មានស្តីពីការងារ
ក្រោមប្រធានបទ “ការបណ្តុះបណ្តាលការងារជំនួយការបណ្ណាល័យដល់សិស្សស្ម័គ្រចិត្ត”
អត្ថបទដោយ : ស៊ូ សុជាតា
#MJQE#AmericanInterconSchool
តួនាទីបណ្ណារក្សនៅក្នុងបណ្ណាល័យសាលារៀន គឺជាអ្នកអប់រំម្នាក់នៅក្នុងសាលា ដែលធ្វើការជាមួយសិស្សគ្រប់រូបលើការផ្តល់ប្រឹក្សាផែ្នកការអាន បណ្តុះទម្លាប់អាន ផ្តល់ចំណេះដឹងលើការស្វែងរកសៀវភៅ ការថែរក្សាសៀវភៅ និងជួសជុលសៀវភៅ ផ្តល់សេវាកម្មខ្ចី និងសងសៀវភៅ រួមទាំងផ្តល់នូវវគ្គបណ្តុះបណ្តាលការងារបច្ចេកទេសបណ្ណាល័យទៅដល់សិស្សានុសិស្ស ដែលចង់ចេះលើជំនាញការងារបណ្ណារក្សផងដែរ។
គណៈគ្រប់គ្រងសាលា បណ្ណារក្ស និងគ្រូបង្រៀន ដើរតួរយ៉ាងសំខាន់ក្នុងការជួយគាំទ្រ សិស្សស្ម័គ្រចិត្តចូលរួមជួយការងារបណ្ណាល័យ។ យោងតាមឯកសារណែនាំប្រតិបត្តិស្តីពីបណ្ណាល័យបឋមសិក្សា ឆ្នាំ២០២១ របស់ក្រសួងអប់រំ សាលានីមួយៗត្រូវរៀបចំ និងជួយគាំទ្រ ជំរុញយន្តការសិស្សស្ម័គ្រចិត្តជួយគាំទ្រការងារបណ្ណាល័យឱ្យមានដំណើរការល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
ការទទួលខុសត្រូវរបស់សិស្សស្ម័គ្រចិត្តរួមមាន ជួយសម្អាតបណ្ណាល័យ ជួយសម្របសម្រួលការកត់ត្រា និងត្រួតពិនិត្យការខ្ចី និងសងសៀវភៅ ជួយរៀបចំសៀវភៅដែលបានសងវិញតាមធ្នើរ ជួយតាមដានប្រមូលសៀវភៅដែលខ្ចី និងសងហួសកាលកំណត់ និងជួសជុសសៀវភៅ។
សិស្សស្ម័គ្រចិត្ត ត្រូវបានបែងចែកជាក្រុមវេនទៅតាមសប្តាហ៍ ក្នុងមួយក្រុមរៀបចំសិស្សពី០៣ ទៅ០៥នាក់ នឹងមកជួយការងារបណ្ណាល័យនៅពេលចេញលេង ទៅតាមកាលវិភាគប្រចាំសប្តាហ៍ដែលបានរៀបចំដោយបណ្ណារក្ស។
ការទទួលខុសត្រូវរបស់បណ្ណារក្ស គឺរៀបចំកាលវិភាគការងារ ធ្វើការណែនាំ និងបណ្តុះបណ្តាលអំពីការងារបណ្ណាល័យ។ បណ្ណារក្សផ្តល់ការលើកទឹកចិត្តដល់សិស្សស្ម័គ្រចិត្ត តាមរយៈការផ្តល់ជាបណ្ណសរសើរអំពីស្នាដៃការងារប្រចាំឆមាស ឬឆ្នាំ និងវិញ្ញាបនបត្រពេលពួកគេបានបញ្ចប់វគ្គបណ្តុះបណ្តាល។
យន្តការសិស្សស្ម័គ្រចិត្តជួយគាំទ្រការងារបណ្ណាល័យ គឺជាផ្នែកមួយដ៏សំខាន់នៃនិរន្តរភាពបណ្ណាល័យ។ សិស្សានុសិស្សបានចូលរួមការងារបណ្ណាល័យ បានយល់ដឹងអំពីតម្លៃនៃបណ្ណាល័យ និងរីករាយទទួលយកភាពជាម្ចាស់នៃបណ្ណាល័យ៕