កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ នៅសាខាផ្សារថ្មី ដែលគណៈកម្មការនៅតាមសាខាផ្សេងៗបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដោយបានឆ្លងកាត់ វគ្គជម្រុះជុំទី១ និងទី២ ដើម្បីជ្រើសរើសបេក្ខជនជើងខ្លាំងនៅតាមសាខារបស់ខ្លួនយកមកប្រកួតវគ្គផ្តាច់ព្រ័ត្ររើសយកបេក្ខជនលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នំាសិក្សា២០២១-២០២២។ កម្មវិធីនេះ ជំរុញ លើកទឹកចិត្តឱ្យសិស្សានុសិស្ស មានចិត្តស្រឡាញ់ ចូលចិត្តអាន មានភាពរហ័សរហួន មានគំនិតទូលំទូលាយក្នុងការគិត ពិចារណាបានល្អិតល្អន់ ច្នៃប្រឌិត និងបណ្តុះគំនិតស្រឡាញ់ នូងអ្វីដែលជារបស់ខ្មែរ ចំពោះ សិស្សានុសិស្ស កាន់តែមានចំណេះដឹងទូលំទូលាយ ពីវប្បធម៌-អរិយធម៌ខ្មែរ ព្រោះតាមរយៈកម្មវិធីនេះ មានមុខវិជ្ជាប្រវត្តិវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា។ ជាលទ្ធផលសាលាបានស្វែងរកបេក្ខជនដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ គឺសិស្សឈ្មោះ លឹម ម៉េងអ៊ុយ ភេទប្រុស និង សារិន ណាឌីន ភេទប្រុស ថ្នាក់ទី១១ខ មកពីសាខាម៉ៅសេទុង បេក្ខជនដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ២ គឺសិស្សឈ្មោះ គួង លីឡេង ភេទស្រី ថ្នាក់ទី១២ឃ និង ហ្គូវ យូអ៊ី ភេទស្រី ថ្នាក់១២ង ដែលមកពីសាខាម៉ៅសេទុង ហើយបេក្ខជនដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ៣ គឺសិស្សឈ្មោះ សៅ សុជាតា ភេទស្រី និង អៀប បញ្ញាសិដ្ឋ ភេទប្រុស ថ្នាក់ទី១០ក មកពីសាខាជ្រោយចង្វារ។
