កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹង ភូមិសាស្រ្តជាតិ ម៉េងលី ជេ. គូច លើកទី៧ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅសាលប្រជុំ សូវ ហុងគុយ
អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ ការប្រកួតនេះបានជ្រើសរើសបេក្ខជនដែលឆ្លងកាត់វគ្គជម្រុះទី២ដើម្បីប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញបេក្ខជន ដែលមានសមត្ថភាពខ្ពស់ លើចំណេះដឹងភូមិសាស្ត្រជាតិ លើកទី៧ ចំនួន៣រូប ជាប់ជាជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ក្នុងឆ្នាំសិក្សា២០១៨-២០១៩។ បេក្ខជន ដែលឆ្លងផុតដល់វគ្គផ្ដាច់ព្រ័ត្រ និងជាប់ជ័យលាភី ក្នុងការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច ទាំង៣រូបនោះ គឺលេខ១ បានទៅយុវតី ស៊ីម សេនឌី ជាសិស្សមកពីសាលារៀន AIS សាខាចាក់អង្រែ។ លេខ២ បានទៅលើយុវជន សារិន ណាឌីន និងលេខ៣ បានទៅលើយុវតី ជា កានសូលីព ជាសិស្សមកពីសាលារៀន AIS សាខាម៉ៅសេទុង។ កម្មវិធីប្រកួតនេះជម្រុញឱ្យសិស្សានុសិស្សបង្កើនសមត្ថភាព ចំណេះដឹង ភាពប៉ិនប្រសប់ និងភាពក្លាហានក្នុងការចូលរួមប្រកួត។ពីព្រោះកម្មវិធីនេះបានឆ្លងកាត់ការប្រកួតប្រជែងចំណេះដឹងនេះ សិស្សានុសិស្សបានទទួលបានបទពិសោធថ្មីៗ មានស្មារតីល្អ មានចំណេះដឹងទូលំទូលាយ អត់ធ្មត់ ព្យាយាម ប្រឹងប្រែងស្រាវជ្រាវ អានសៀវភៅ និងមានសមត្ថភាពខ្ពស់ សម្រាប់ប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ នៅលើកក្រោយៗទៀត។ បេក្ខជន និងបេក្ខនារី ៣រូប ដែលជាប់ជើងឯកពានរង្វាន់ភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច ក្នុងចំណោមបេក្ខជនចូលរួមប្រកួតសរុបចំនួន ១៤១ នាក់នោះ លេខ១ ទទួលបានមេដាយមាស១គ្រឿង អាហារូបករណ៍១០០% បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។ រីឯលេខ២ ទទួលបានមេដាយប្រាក់១គ្រឿង អាហារូបករណ៍៧៥% បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានមេដាយសំរឹទ្ឋ អាហារូបករណ៍៥០% បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។