កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ បានចេញដំណើរទៅកាន់ព្រះបរមរាជវាំង ចតុមុខមង្គល។ ពេលទៅដល់ទីនោះ សិស្សានុសិស្សបានស្វែងយល់ពីព្រះបរមរាជវាំងចតុមុខមង្គល ដែលជាទីតាំងរាជធានីខ្មែរបច្ចុប្បន្ន និងជាទីតំណាងជាតិទាំងមូល ជាពិសេសគឺស្វែងយល់ជាក់ស្តែងពី សម្បត្ដិបេតិកភណ្ឌជាតិដ៏មានតម្លៃ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និង ពង្សាវតារក្នុងមណ្ឌលវប្បធម៌ជាតិ ផ្សារភ្ជាប់ទៅនឹងសៀវភៅមេរៀនសិក្សារបស់សិស្សានុសិស្សផ្ទាល់ តែម្តង។ សិស្សានុសិស្សបានសិក្សាជាក់ស្តែងពីទិដ្ឋភាពទូទៅក្នុងព្រះបរមរាជវាំង ដោយមានការ ពន្យល់បង្ហាញពីមគ្គុទេ្ទសក៍អំពីវិសាលភាពនៃសម្បត្តិវប្បធម៌ជាតិ និងរាជធានីខ្មែរដែលបានផ្លាស់ប្តូរទីតាំងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន និងបានស្គាល់នូវព្រះរាជដំណាក់ព្រះមហាក្សត្រ និង ព្រះញាតិវង្សគង់ប្រថាប់ រួមទាំងឈ្មោះ និងតួនាទីនៃប្រាសាទនីមួយៗក្នុងព្រះបរមរាជវាំង ហើយ សិស្សានុសិស្សមានការកោតសរសើរស្ញប់ស្ញែងមិនដាច់ពីមាត់ចំពោះសម្បត្ដិបេតិកភណ្ឌជាតិដ៏មាន តម្លៃ និងស្នាដៃសំណង់ស្ថាបត្យកម្មបែបប្រពៃណីជាតិដ៏ល្អវិចិត្ររបស់ស្ថាបត្យករខ្មែរដ៏ឆ្នើម។
បន្ទាប់ពីទស្សនកិច្ចសិក្សាបានបញ្ចប់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងចាងហ្វាងបាន ថតរូបអនុស្សាវរីយ៍នៅមុខព្រះបរមរាជវាំងចតុមុខមង្គល មុនពេលធ្វើដំណើរត្រលប់មកសាលារៀន វិញ ប្រកបដោយសុវត្ថិភាព និងភាព រីករាយ។