កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធទិវាវប្បធម៌លើកទី១៤ យ៉ាងអធិកអធម ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមសាខារៀងៗខ្លួន ដោយក្រោមអធិបតីភាពលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្រុមគ្រួសារ និងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សិស្សានុសិស្ស និងសាធារណជនទូទៅយ៉ាងច្រើនកុះករ។ ក្នុងទិវាវប្បធម៌លើកទី១៤ នេះមានការលេងល្បែងប្រជាប្រិយ របាំ ការបង្ហាញក្បាច់គុន សម្ដែងរឿង រាំ ច្រៀង និងមានកម្មពិធីផ្សេងៗ។ ហើយមានសិស្សានុសិស្ស លក់គ្រឿងឧបភោគ ដើម្បីយកប្រាក់ចំណេញមកបរិច្ចាគដល់អ្នក ដែលមានជីវភាពខ្វះខាតផងដែរ។ ក្រៅពីនេះ ក៏ដើម្បីឱ្យសិស្សានុសិស្សឈ្វេងយល់ពីទិដ្ឋភាពទូទៅនៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សិល្បៈ របាំបុរាណខ្មែរ និងដឹងពីរបៀបលេងល្បែងប្រជាប្រិយនានាដែលប្រជាជនខ្មែរពេញនិយមដូចជា ទាញ់ព្រ័ត្រ វាយក្អម លាក់កន្សែង ស្លៀកសារុងដើរទូលក្អម ចោលឈូង ដណ្តើមស្លឹកឈើ ពង្រាត់កូនក្រមុំ បោះអង្គុញ លោតបាវ និងល្បែងប្រជាប្រិយជាច្រើនទៀត ដែលអាចបង្កើនភាពសប្បាយរីករាយ រឹតចំណងមិត្តភាព អនុស្សាវរីយ៍ ភាពស្និទ្ធស្នាល សាមគ្គីភាព ភាពក្លាហាន និងបង្កើននូវចំណងមិត្ដភាពមិត្ដរួមសាលាផងដែរ។
Category: ផ្សេងៗ