កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជារូបវិទ្យា ក្រោមប្រធានបទ “វាស់កំណុំឡង់ទី” ជូនដល់សិស្សានុសិស្សថ្នាក់ទី១០ នៅបន្ទប់ពិសោធន៍ នៅអគារ គួច លៀងហួរ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្ដាល)ដែលបានដឹកនាំដោយ លោកគ្រូ កឹម ស៊ីណុច គ្រូបង្រៀនមុខវិជ្ជារូបវិទ្យា និងលោកគ្រូ ឈួន បូណា គ្រូជំនួយការបន្ទប់ពិសោធ។ នៅក្នុងការបង្រៀននោះ លោកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានយល់ដឹងគ្រប់ៗគ្នាពីគោលបំណងនៃដំណើរការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធដែលទាក់ទងនឹងវាស់កំណុំឡង់ទី។ បន្ទាប់មកទៀតលោកគ្រូបានពន្យល់ណែនាំដល់សិស្សានុសិស្សអំពីដំណើរការពិសោធវាស់កំណុំឡង់ទី ដែលមានក្នុងខ្លឹមសារមេរៀន ទន្ទឹមនឹងនេះផងដែរ នៅក្នុងខ្លឹមសារមេរៀនលោកគ្រូបានពន្យល់ឱ្យថា កំណុំឡង់ទីបែងចែកជាពីគឺ ឡង់ទីបង្រួម និងឡង់ទីពង្រីក ដើម្បីឱ្យសិស្សានុសិស្សងាយស្រួលក្នុងការសិក្សាទ្រឹស្ដី និងផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែង។ ក្រោយមក លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជា០៤ក្រុម ដែលនៅតាមក្រុមពិសោធនីមួយៗមានសមាជិកចំនួន០៤ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើសម្ភារទាំងអស់ និងឱ្យសិស្សានុសិស្សឈ្វេងយល់អំពីកំណុំឡង់ទី ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ រូបភាពសកម្មភាពពិសោធ!
Category: ផ្សេងៗ