កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកវគ្គខ្លីបណ្ដុះបណ្ដាលបន្ថែមស្ដីពី ការចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី២០១៧-២០១៨ ដល់បុគ្គលិកពាក់ព័ន្ធផ្នែកលេខាធិការ រដ្ឋបាល ហិរញ្ញវត្ថុ និងគនណេយ្យ ប្រមាណជាង៥០នាក់ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្ដាល។ ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោក ស៊ូ វិចិត្រ ជាវាគ្មិន មានគោលបំណងដើម្បីតម្រង់ទិស និងអភិវឌ្ឍបន្ថែមរាល់កិច្ចការពាក់ព័ន្ធមួយចំនួន និងបុគ្គលិកគ្រប់ផ្នែកពាក់ព័ន្ធទាំងនោះបានឈ្វេងយល់កាន់តែច្បាស់ពីបច្ចេកទេស ទម្រង់បែបបទ និងឯកសារជាដើម នៃដំណើរការចុះឈ្មោះចូលរៀន។ ព្រោះវានឹងអាចជួយសម្រួលដល់ការទទួលចុះឈ្មោះសិស្សឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានទំនុកចិត្តខ្ពស់ពីសិស្ស អាណាព្យាបាលសិស្ស ឬអតិថិជនជាដើម។ សាលារៀន អន្តរទ្វីប អាមេរិកាំង គ្រប់សាខា ចាប់ផ្ដើមទទួលចុះឈ្មោះសិស្សានុសិស្សគ្រប់កម្រិតសិក្សាចាប់ពីថ្ងៃនេះតទៅ ហើយបវេសនកាលថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ៕
Category: ការចែករំលែកបទពិសោធន៍