សាលារៀន អន្តរទ្វីប អាមេរិកាំង បានបណ្តុះគំនិតសិស្សានុសិស្សឱ្យចូលរួមការងារសង្គម មនុស្សធម៌ ហើយសិស្សទាំងនោះបានមូលមតិគ្នាបង្កើតក្រុមយុវសិស្សស្ម័គ្រចិត្តចង្កឹះចម្រុះ ការងារទំាងអស់នោះគឺជាការឆ្លៀតពេលវេលាដើម្បីចូលរួមសកម្មភាពទាំងនោះនៅក្នុងសង្គម។ ដើម្បីឱ្យការងារស្ម័គ្រចិត្តរស់រវើក និងបន្តដំណើការបានល្អ ក្រុមយុវសិស្សស្ម័គ្រចិត្តចង្កឹះចម្រុះ បានចែករំលែកបទពិសោធ និងគន្លឹះល្អៗស្តីពីការងារស្ម័គ្រចិត្តដល់សិស្សប្អូនជំនាន់ក្រោយ ថ្នាក់ទី១១ នៅសាខាម៉ៅសេទុង។ កាលពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៩ អ្នកតំណាងឱ្យក្រុមយុវសិស្សស្ម័គ្រចិត្តចម្រុះ ដែលរៀនថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប បានធ្វើបទបង្ហាញស្តីពីការងារស្ម័គ្រចិត្ត និងចែករំលែកនូវបទពិសោធន៍ ដល់សិស្សថ្នាក់ទី១១ ឱ្យបានយល់ច្បាស់ការងារស័្មគ្រចិត្តនេះ ពិតជាមានសារៈសំខាន់ណាស់ និងផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់រូបគេផ្ទាល់ ក៏ដូចជាយុវជនគ្រប់រូប ទោះបីការងារទាំងនោះមិនទទួលបានប្រាក់ដល់ក្រុម ឬបុគ្គល ប៉ុន្តែពួកយើងទទួលបានបទពិសោធយ៉ាងច្រើនដូចជាការរៀនសូត្រពីអ្វីដែលថ្មី ទទួលបានចំណេះដឹង បទពិសោធ ការប្រាស្រ័យទាក់ទងគ្នា ការសហការ សាមគ្គីយ៉ាងល្អប្រសើរ ការប្រមូលផ្តុំគំនិតថ្មីៗ សម្រាប់អភិវឌ្ឈន៍ខ្លួនឯងឱ្យកាន់តែមានភាពរីកចម្រើន ហើយម្យ៉ាងទៀតការងារទំាងនោះមិនប៉ះពាល់មានផលប៉ះពាល់ដល់ការរៀនសូត្រ។ ផ្ទុយទៅវិញសកម្មភាពស្ម័គ្រចិត្តទាំងនេះ ថែមបានទាំងជួយជំរុញដល់ការសិក្សាឱ្យកាន់តែទទួលបានផ្លែផ្កា ព្រោះថាការរៀនក្នុងថ្នាក់ យើងអាចទទួលបានចំណេះដឹងតែមួយផ្នែក ប៉ុន្តែការងារស្ម័គ្រចិត្ត គឺទទួលចំណេះដឹង និងបទពិសោធ ដែលពិតប្រាកដ និងមានតម្លៃ មិនអាចកាត់ថ្លៃបាន ។
Category: ផ្សេងៗ