កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីពិសោធន៍វត្ថុលិច និងអណ្តែតជូនដល់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ទាំងវេនព្រឹក និងរសៀល នៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ អ្នកគ្រូ សៅ សិរីរ័ត្ន គ្រូបង្គោលថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានដឹកនាំសិស្សតូចៗថ្នាក់មត្តេយ្យសិក្សា “ក” ចុះអនុវត្តពិសោធវត្ថុលិច និងអណ្ដែត ក្នុងគោលបំណងឱ្យសិស្សានុសិស្សយល់ដឹងពីការប្រើប្រាស់ទឹកសម្រាប់ដាក់វត្ថុលិច និងអណ្ដែត ព្រមទាំងការប្រើឧបករណ៍សម្រាប់ពិសោធន៍ជាដើម។ ការពិសោធនេះ គឺចង់បណ្ដុះទឹកចិត្តដល់សិស្សតូចៗទាំងនោះឱ្យស្រឡាញ់ការអនុវត្តពិសោធ ព្រមទាំងសកម្មនឹងកិច្ចការផ្ទះផងដែរ។ មួយវិញទៀត ការធ្វើពិសោធផ្ទាល់នេះ គឺមានចេតនាឱ្យសិស្សតូចៗទាំងនោះបានដឹងថា តើវត្ថុណាលិច ហើយវត្ថុណាអណ្តែតនៅលើផ្ទៃទឹកទៀតផង។ មិនតែប៉ុណ្ណោះ ចំណេះដែលទទួលបាននេះ ពួកគាត់នឹងយកទៅប្រាប់ដល់បងប្អូន មិត្តភក្ដិ និងអ្នកជិតខាងតូចៗដូចគ្នាផងដែរ។ ឧបករណ៍ដែលយកមកពិសោធមានដូចជា កូនបាល់ ធ្យូង ស្នោ សម្បកងាវ គ្រាប់ឡុកឡាក់ ទឹក កែវជ័រ និងគ្រាប់ក្រួសជាដើម ដែលវត្ថុទាំងនេះគឺងាយស្រួលរកនៅលើទីផ្សារ និងអាចច្នៃដោយខ្លួនឯងផងដែរ។
Category: បំណិនជីវិត