កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបចំពិធីជួបសំណេះសំណាល និងប្រគល់បណ្ណកិត្តិយសជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកឆ្នាំទី១០ ជំនាន់ទី៤ សរុបប្រមាណជា៥៣នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំបំផុតនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ដែលរៀបចំឡើងនៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យ កណ្តាល)។ នៅក្នុងកម្មវិធីនេះ គណៈគ្រប់គ្រងបានថ្លែងសុន្ទរកថាសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ក្នុងបរិយាកាសសប្បាយរីករាយ ដោយលោកឧកញ៉ាបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវត្តមានរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានចំណាយពេលវេលា ព្រមជាមួយនឹងការខិតខំប្រឹងប្រែងធ្វើការងារយ៉ាងយកចិត្តទុកដាក់ប្រកបដោយភាពអំណត់ធត់ធន់គ្រប់បែបយ៉ាង។ ទាំងនេះហើយ គឺជាជោគជ័យមួយដែលបានស្តែងឱ្យឃើញពីសមិទ្ធផលនាពេលនេះ ពោលគឺលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់បានចូលរួមចំណែកក្នុងការជួយឱ្យស្ថាប័នមួយនេះមានការអភិវឌ្ឍ និងបន្តការរីកចម្រើនតរៀងទៅ។ តាមរយៈការប្រគល់បណ្ណកិត្តិយសនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់បានតាំងចិត្តប្តេជ្ញាខិតខំប្រឹងប្រែងធ្វើការដើម្បីឱ្យស្ថាប័នមួយនេះ ក៏ដូចជាការចូលរួមលើកស្ទូយវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។
Category: ផ្សេងៗ