ពិធីប្រគល់វិញ្ញាបនបត្រលើកទី៨ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សា
កាលពីថ្ងៃទី០២ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀនអន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី៨ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី៦ ទី៩ និងទី១២ ឆ្នាំសិក្សា២០១៦-២០១៧ក្រោមអធិបតីភាព លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធានចាងហ្វាងសាលា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករនៅវិទ្យាស្ថានជាតិអប់រំស្ថិតក្នុងរាជធានីភ្នំពេញ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងទៅកាន់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សនាឱកាសនោះថា លោកមានក្តីត្រេកអរជាពន់ពេកដែលប្អូនៗសិស្សានុសិស្សមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សក្តិសមនឹងទទួលបាននូវវិញ្ញាបនបត្រនាឱកាសនេះ ជាពិសេសគឺសិស្សានុសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាស្ថាពររហូតដល់៨៧.២០% និទ្ទេស A ចំនួន១៦នាក់ ពោលគឺមានភាគរយខ្ពស់ និងនិទ្ទេសល្អច្រើនជាងមុនបើទោះបីជាការប្រឡងបន្តការរឹតបន្តឹងលើគុណភាពដូចឆ្នាំសិក្សាមុនក៏ដោយ។
លោកឧកញ៉ាបានបន្តថា ដើម្បីបំពេញនូវតម្រូវការសិក្សា និងការបត់បែនរបស់សង្គមបច្ចុប្បន្ននេះ សាលាបានបន្តខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យប្រាកដថា សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងអស់ទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សីលធម៌ល្អ ជាពិសេសគឺសិស្សត្រូវមានសមត្ថភាពខ្ពស់ក្នុងការបន្តការសិក្សាទៅកាន់ថ្នាក់ឧត្តមសិក្សា។ លោកបានបញ្ជាក់ថា ភាពជោគជ័យរបស់សិស្សម្នាក់ៗអាចធ្វើទៅបាន ដោយមានការយកចិត្តទុកដាក់ខិតខំក្នុងការសិក្សាពីសំណាក់ប្អូនៗសិស្សានុសិស្សផ្ទាល់ទទួលបានចំណេះពិតប្រាកដមិនពឹងផ្អែកទៅលើអ្នកដទៃ មិនលួចចម្លងកិច្ចការផ្ទះ ឬលួចចម្លងគ្នាពេលប្រឡងឡើយពិសេសគឺការយកចិត្តទុកដាក់សហការគាំទ្រពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ព្រមទាំងការខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូដែលមានវិធីសាស្រ្ត និងវិជ្ជាជីវៈច្បាស់លាស់។