កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សថ្នាក់ទី៦ចំនួន ២៨៩នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យនូវកម្រិតបឋមសិក្សា ហើយនឹងឆ្លងភូមិសិក្សាទៅមួយកម្រិតទៀតដែលធ្វើនៅសាលប្រជុំ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ពិធីប្រគល់វិញ្ញាបនបត្រនេះបានប្រព្រឹត្តិទៅយ៉ាងអធឹកអធមក្រោមអធិបតី លោក ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធាន សាលារៀន អន្តរទ្វីប អាមេរិកាំង ។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រនៅថ្ងៃនេះ លោក ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានអបអរសាទរចំពោះសិស្សថ្នាក់ទី៦ទាំងអស់ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យ។ ជាមួយគ្នានេះ លោកបានថ្លែងអរគុណចំពោះសិស្សានុសិស្សទាំងអស់ដែលបានខិតខំរៀនទទួលបានលទ្ធផលល្អនៅថ្ងៃនេះ និងអរគុណដល់ឪពុកម្តាយ អ្នកអាណាព្យាបាលសិស្ស ដែលទុកចិត្តលើគុណភាពអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។ បន្ថែមពីនេះ លោកឧកញ៉ា បានណែនាំឱ្យលោកគ្រូ អ្នកគ្រូទាំងអស់បន្តជួយពង្រឹង លើកទឹកចិត្ត ស្រឡាញ់ណែនាំ ដើរតួជាអាណាព្យាបាលដូចឪពុកម្តាយទី២ និងអត់ធ្មត់ឱ្យបានច្រើន ព្រោះពួកគេកំពុងសិ្ថតក្នុងវ័យកំពុងលូតលាស់ មានការប្រែប្រួលច្រើន និងត្រូវការលេងសើចច្រើន។អត្ថបទ ដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ