កាលពីថ្ងៃ០៣ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ខួបលើកទី១០៧ ដែលនឹងមកដល់នៅថ្ងៃទី៨ ខែមីនា ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានចាងហ្វាង ចាងហ្វាង ចាងហ្វាងរង លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក នៅឯសាលប្រជុំ សូវ ហុងគុយ សាខាម៉ៅសេទុង។ កាលប្ររព្ធពិធីនេះឡើង គឺមានគោលបំណងនៃការប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិនេះឡើង គឺដើម្បីលើកកម្ពស់សិទ្ធិសេរីភាព តម្លៃស្ត្រី និងការពារផលប្រយោជន៍ស្ត្រីផងដែរ ដោយហេតុថា ស្ត្រីងាយប្រឈមនឹងការរើសអើង ងាយនឹងទទួលរងនូវបញ្ហាអំពើហិង្សាក្នុងគ្រួសារ រួមទាំងការរំលោភបំពានផ្សេងៗ។ ម៉្យាងទៀតដើម្បីឱ្យដឹងថា បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នា ហើយស្ត្រីត្រូវបានសហគមន៍ និងសាកលលោកយកចិត្តទុកដាក់ ផ្តល់នូវកិត្តិយស និងលើកតម្កើងជាធនធាន និងជាចលករដ៏មានសក្តានុពលបំផុតក្នុងការជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេសស្ត្រីជាឆ្អឹងខ្នង និងជាមេដឹកនាំសេដ្ឋកិច្ចគ្រួសារនិងសង្គមទាំងមូល។ លើសពីនេះទៅទៀត ស្ត្រីជាអ្នកផ្ដល់នូវភាពកក់ក្តៅ ទំនុកចិត្ត ភាពស្និទ្ធស្នាល និងត្រជាក់ត្រជំមិនអាចខ្វះបាន។ ស្ត្រីជាដៃគូការងារ ជាមេគ្រួសារ ដែលមានសមត្ថភាព និងលទ្ធភាពដូចបុរសដែរ។
Category: ផ្សេងៗ