កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំការពិសោធមុខវិជ្ជាជីវវិទ្យា ក្រោមប្រធានបទ “ការពិនិត្យមើលកោសិការុក្ខជាតិ” ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ ដែលដឹកនាំពិសោធដោយអ្នកគ្រូ ឃាន កក្កដា គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា។
អ្នកគ្រូបានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន បានដឹងអំពីដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធន៍សម្រាប់ពិសោធទៅលើការពិនិត្យទម្រង់រូបផ្គុំរបស់ផ្កា និងពិនិត្យគ្រាប់លំអង ដោយការប្រើប្រាស់មីក្រូទស្សន៍។ បន្តមកទៀត អ្នកគ្រូក៏បានបង្ហាញអំពីសម្ភារពិសោធនមានដូចជា ផ្កា ស្លឹករុក្ខជាតិ តង្កៀប កន្ត្រៃ ស្កុត បន្ទះឡាម ក្រដាសជូត និងមីក្រូទស្សន៍ជាដើម។ ក្រោយពីអ្នកគ្រូបានបង្ហាញអំពីសម្ភារសម្រាប់ពិសោធរួចមក អ្នកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធ ដោយបែងចែកសិស្សជាក្រុមដោយក្នុងមួយក្រុមមានសមាជិក០៣នាក់ ទៅ០៤នាក់នៅតាមក្រុមនីមួយៗ ហើយក៏បានដឹកនាំសិស្សតាមក្រុមនីមួយៗអនុវត្តជាក់ស្តែង ដោយមានការជួយណែនាំបន្ថែមក្នុងក្រុមនីមួយៗ។