អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “រមណីយដ្ឋានធម្មជាតិខ្នងផ្សារ”
អត្ថបទដោយ : ភី ភារីន
រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយស្ថិតនៅភូមិតាំងបំពង់ (តំបន់រលាក់កងជើង) ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបីដែលផ្សារភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសម្បូរទៅដោយព្រៃឈើក្រាស់
ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃដ៏កម្រជាច្រើនប្រភេទ។ ពេលព្រឹកព្រលឹម យើងគួរធ្វើដំណើរទៅកាន់ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះអមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់។ ពេលល្ងាច យើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល១០១៧ម៉ែត្រ អាចមើលឃើញទេសភាពបាន៣៦០ដឺក្រេ ដែលសក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ពិសេសជាងនេះទៅទៀតនោះ នៅតំបន់ភ្នំខ្នងផ្សារមានខ្នងភ្នំមួយទៀតគឺ ភ្នំខ្នងក្រពើ ដែលលោកអ្នកមិនគួររំលងឡើយ គ្រាន់ដើរតែ៤ម៉ោងពីខ្នងផ្សារដល់ខ្នងក្រពើ ហើយដើរតែ៤ម៉ោងពីខ្នងក្រពើដល់ភូមិតាំងបំពង់វិញហើយ។

តាមរយៈវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា តំបន់ភ្នំខ្នងផ្សារនេះគឺមិនមែនទើបតែកើតមានបច្ចុប្បន្ននោះទេ តំបន់នេះមានយូរយារណាស់មកហើយ រាប់រយតំណមនុស្សតាមប្រវត្តិដែលត្រូវបានសិក្សាស្រាវជ្រាវ។ នៅតំបន់នោះមានផូស៊ីលជាប់ទៅនឹងជញ្ជាំងថ្ម គេថាទីនោះគឺជាអតីតសមុទ្រ ហើយកន្លែងនេះមានសំពៅលិចនៅទីនេះយូរទៅក៏ក្លាយជាភ្នំ កន្លែងសំពៅលិចនោះហៅថា “ខ្នងសំពៅ” ហើយស្រូវនៅលើសំពៅដែលហូរចេញនោះក៏បានក្លាយជាភ្នំដែលសព្វថ្ងៃគេហៅថា “ខ្នងស្រូវ”។
១. ការធ្វើដំណើរទៅកាន់ភូមិសហគមន៍ខ្នងផ្សារ
ដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូម៉ែត្រ យើងបត់តាមស្តុបតេឡា (ច្បារមន) ទៅស្តាំប្រមាណ១គីឡូម៉ែត្រ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល៥០គីឡូម៉ែត្រ យើងនឹងទៅដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខតាមផ្លូវលំប្រមាណ៣៥គីឡូម៉ែត្រដោយជិះកាត់តេទឹកពុះ យើងនឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សារ។
២. ការធ្វើដំណើរទៅកាន់កំពូលភ្នំខ្នងផ្សារ
ដើម្បីឡើងខ្នងផ្សារ គឺយើងត្រូវចូលទៅទីស្នាក់ការបរិស្ថាន ដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំងាយស្រួលក្នុងការគ្រប់គ្រង ហើយតម្រូវឱ្យមន្ត្រីបរិស្ថានទៅជាមួយជួយមើលការខុសត្រូវ និងការពារផងដែរ។ មួយវិញទៀតគឺមានអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហើយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លឱ្យយើងបរិភោគផងដែរ។ ការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ យើងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង។ បន្ទាប់មក ត្រូវដើរដោយថ្មើរជើងឡើងភ្នំតាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល បើឥវ៉ាន់មិនសូវធ្ងន់គឺល្អបំផុត ព្រោះម្នាក់ៗគឺទ្រុឌទ្រោមខ្លាំងដោយសារឥវ៉ាន់ធ្ងន់សម្រាប់អ្នកដើរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណ៤ ទៅ៥ម៉ោង ឬលើសពីនេះ គឺអាចដល់៨ម៉ោងទើបទៅដល់កំពូលភ្នំ។ គួរតែដាក់ទឹកបរិភោគយ៉ាងតិចម្នាក់១ ទៅ២ដបធំ សម្រាប់បរិភោគតាមផ្លូវពេលធ្វើដំណើរ យើងអាចច្រកទឹកសម្រាប់ផឹកតាមផ្លូវបាន តែគួរមានប្រដាប់ចម្រោះទឹក ឬដាំទឹកតាមផ្លូវ។
៣. ការសម្រាកនៅលើកំពូលភ្នំ
យើងគួរត្រៀមតែនតិ៍ ឬអង្រឹង រួមទាំងដំបូល ឬប្លាស្ទិកគ្រប ដើម្បីការពារជម្រាបទឹកភ្លៀង ឬសន្សើម។ ជាងនេះទៅទៀត យើងក៏គួរតែត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង។
៤. ការត្រៀមសម្ភារៈ ម្ហូបអាហារ និងទឹក
ក្នុងការហូបចុក យើងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាលដូចជា ត្រីងៀត ងៀតគោ និងសាច់ក្រក។ ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលើភ្នំ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោ ក្រែម ឬកាហ្វេសម្រាប់ជាអាហារពេលព្រឹក។ បើនៅខែប្រាំង ត្រូវប្រុងប្រយ័ត្នរឿងទឹក ព្រោះអាចខ្វះខាតទឹក តែនៅលើនោះមានទឹកធ្លាក់ ដែលមានទឹកល្មមអាចប្រើប្រាស់បានសម្រាប់ងូត ដាំញ៉ាំ ឬធ្វើម្ហូប បើអាចគួរទិញឧបករណ៍សម្រាប់ចម្រោះទឹកប្រើប្រាស់ផ្ទាល់ខ្លួន។ ចំណែកឯសម្ភារប្រើប្រាស់មានដូចជា កាបូប ស្បែកជើង ស្រោមជើងកវែង ឈើច្រត់ ស្រោមដៃ មួក ពិល ខោអាវជើងវែងដៃវែងស្រាលៗ ដែលឆាប់ស្ងួតញើស ម្ស៉ៅលាបជើងការពារសត្វទៀក ប្រេងលាបកម្តៅសាច់ដុំមុនដើរ ក្រោយដើរ ក្រដាសអនាម័យ និងថ្នាំពេទ្យ។
លោកអ្នកអាចទាក់ទង លោក ជា យុទ្ធា ជាអនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ តាមទូរសព្ទលេខ ០៩៦ ២២ ៧៦ ៧៦ ៧។ ម៉្យាងទៀត មានអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហើយគាត់ក៏អាចជួយស្ពាយឥវ៉ាន់ផងដែរតាមរយៈលេខ ០១៥ ៧០៤ ៩៨៨។
សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសំរាមឱ្យបានត្រឹមត្រូវ និងរួមគ្នាថែរក្សាសហគមន៍ខ្នងផ្សារកាន់តែស្រស់បំព្រង ដើម្បីចូលរួមចំណែកអភិរក្សវិស័យទេសចរណ៍ធម្មជាតិ និងជួយការពារបរិស្ថានសម្រាប់យើងទាំងអស់គ្នា៕