អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “រឿងអស្ចារ្យ៧យ៉ាងរបស់ប្រាសាទអង្គរវត្ត និងតំបន់អង្គរដែលកូនខ្មែរភាគច្រើនដឹងមិនអស់”
អត្ថបទដោយ : អ៊ាវ ណារី
ប្រាសាទអង្គរវត្ត និងប្រជុំសំណង់ទាំងអស់នៃតំបន់អង្គរ បានបន្សល់ទុកអច្ឆរិយភាព និងអាថ៌កំបាំងរាប់មិនអស់សម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ។ សម្បត្តិបេតិកភណ្ឌមិនអាចកាត់ថ្លៃបានមួយនេះ គឺជាមរតកដ៏អស្ចារ្យដែលធ្វើឱ្យកម្ពុជា ល្បីរន្ទឺលើពិភពលោករហូតទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់ចូលមកទស្សនាក្នុងមួយឆ្នាំៗ។ តើភាពអស្ចារ្យទាំង៧យ៉ាងនៃកេរមរតកមិនអាចកាត់ថ្លៃបាននៃប្រាសាទមួយនេះមានអ្វីខ្លះ?
១. អង្គរវត្ត ជាសំណង់ឧទ្ទិសសាសនាធំបំផុត ជាប់ក្នុងកំណត់ត្រាពិភពលោក Guinness

២. កាលពីឆ្នាំ២០១៤ អង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ម្ដងទៀត នៅលើគេហទំព័រអន្តរជាតិ Trip Advisor។ នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើ ពិភពលោក មានទាំងព័ត៌មានតាមរយៈវិបសាយ ទស្សនាវដ្ដី និងសៀវភៅ ជាដើម។ អង្គរវត្តទទួលបានលេខមួយ៤ឆ្នាំជាប់ៗគ្នាលើគេហទំព័របរទេសនានា
គេហទំព័រដ៏ល្បីល្បាញ Trip Advisor បានផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ២០១៧ បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីភ្ញៀវទេសចរបរទេស។
៣. តំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដំបូងគេរបស់កម្ពុជា
តំបន់អង្គរលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០គីឡូម៉ែត្រក្រឡា ដែលមានប្រាសាទបុរាណជាច្រើន រាប់បញ្ចូលទាំងព្រៃឈើចម្រុះនៅជុំវិញ។ តំបន់ប្រវត្តិសាស្ត្រនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវអង្គការ UNESCO ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីពិភពលោកក្នុងឆ្នាំ១៩៩២។
៤. បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត កើតឡើងជាប្រចាំរាល់ឆ្នាំ
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា បាតុភូតកម្រនេះកើតឡើងជាប្រចាំរាល់ឆ្នាំ គឺនៅចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា និងម្ដងទៀតក្នុងខែមិនា។ បើតាម Science Channel បានឱ្យដឹងថា ព្រឹត្តិការណ៍នេះឈ្មោះថា អ៊ីខ្វីណក់ (ជាពេលព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត) ដែលរន្ធមួយនៅចំកំពូលកណ្ដាលនៃប្រាសាទនឹងទទួលពន្លឺព្រះអាទិត្យចាំងទៅក្រោមនៃចំណុចផ្ចិតខាងក្រោមប្រាសាទ។ ពន្លឺចែងចាំងព្រះអាទិត្យក្នុងព្រឹត្តិការណ៍ថ្ងៃរះចំណុចកំពូលប្រាសាទនេះត្រូវបានគេជឿថា វាបានបញ្ជូនពន្លឺព្រះអាទិត្យនោះទៅបន្ទប់អាថ៌កំបាំងមួយ ផ្នែកជាន់ក្រោមដីនៃប្រាសាទអង្គរវត្តដែលមានជម្រៅប្រមាណជាង៣០ម៉ែត្រ។ អ្នកជំនាញខ្លះបានជឿជាក់ថាព្រះបាទជ័យវរន្ម័ទី២ រចនាកន្លែងសម្ងាត់នេះ គឺដើម្បីរក្សាអដ្ឋិធាតុរបស់ព្រះអង្គពេលសុគត។
៥. ស្ថាបត្យករបុរាណ ជីកគូទឹកដើម្បីការពារប្រាសាទ រហូតឈរបានជាច្រើនរយឆ្នាំ
យោងតាមវីដេអូឯកសារស្រាវជ្រាវស្ដីពីការកសាងប្រាសាទអង្គរវត្ត ដោយបុរាណវិទូជនជាតិបារាំងបានបង្ហាញថា ស្ថាបត្យករក្នុងសម័យអង្គរ បានជីកធ្វើជាគូទឹកនេះឡើង គឺដើម្បីការពារដល់តួប្រាសាទអង្គរវត្តទាំងមូលតែម្ដង។ តាមរយៈវីដេអូនោះ បានឱ្យដឹងទៀតថា ស្ថាបត្យករដ៏អស្ចារ្យក្នុងសម័យនោះ បានយកដីខ្សាច់ដើម្បីចាក់គ្រឹះកសាងប្រាសាទអង្គរវត្ត ព្រោះបុព្វបុរសខ្មែរជឿថា ដីខ្សាច់អាចធ្វើឱ្យតួប្រាសាទឈររឹងមាំបានរាប់ពាន់ឆ្នាំ។
៦. ចម្រឹងបង្អួចប្រាសាទអង្គរវត្តជះស្រមោលចេញកំពូលប្រាំដូចកំពូលប្រាសាទអង្គរវត្ត
ចម្រឹងនៃបង្អួចប្រាសាទអង្គរវត្តបានបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យ ស្ទើរគ្មាននរណាម្នាក់ចាប់អារម្មណ៍នោះឡើយ។ បើតាមការឱ្យដឹងពី លោក កាន់ សុខម៉េង មគ្គុទ្ទេសក៍ភាសាបារាំង អង់គ្លេស និងថៃ បានស្រាយពីអាថ៌កំបាំងនេះថា ស្រមោលពន្លឺថ្ងៃនៃចម្រឹងបង្អួចប្រាសាទអង្គរវត្ត គឺជាប្រាសាទកំពូលប្រាំ និងកំពូល៣។
៧. មានសំណង់ជាច្រើនទៀត កប់ក្នុងដីក្រោមប្រាង្គប្រាសាទអង្គរវត្ត
កាលពីដើមឆ្នាំ២០១៥ សារព័ត៌មានអង់គ្លេស Daily Mail បានចុះផ្សាយថា ក្រុមបុរាណវិទូបានរកឃើញសំណង់បុរាណខ្សាច់ដ៏ធំមួយរួមជាមួយសំណង់កប់ក្នុងដីជាច្រើននាបរិវេណខាងក្រោមនៃប្រាង្គប្រាសាទអង្គរវត្ត ដែលជាការគាស់បើកនូវអាថ៌កំបាំងថ្មីមួយទៀត ទាញបានចំណាប់អារម្មណ៍អ្នកស្រាវជ្រាវទូទាំងពិភពលោក។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Sydney បានស្រាវជ្រាវនៅកម្ពុជាក្នុងគម្រោងមួយឈ្មោះ Greater Angkor Project ដោយប្រើបច្ចេកវិទ្យាឡាស៊ែរ LiDAR ជាមួយរ៉ាដា ពួកគេបានរកឃើញ និងជីករកសំណង់បុរាណជាច្រើនកប់ក្នុងដីអាថ៌កំបាំងនោះ។ កាលពីមុន គេជឿថាប្រាសាទអង្គរវត្តរបស់កម្ពុជា គឺស្ថិតក្នុងទីកន្លែងសក្ការបូជា ប៉ុន្តែបន្ទាប់ពីរកឃើញសំណង់បុរាណដីខ្សាច់រាងរង្វង់ធំមួយ ព្រមទាំងសំណល់នៃសំណង់បុរាណកប់ក្នុងដីនេះមក បុរាណវិទូជាច្រើនបាននិយាយថា ប្រាសាទអង្គរវត្ត គឺមានភាពស្មុគស្មាញ និងអាថ៌កំបាំងជាងការគិតទៅទៀត។
ក្រៅពីចំណុចទាំង៧ ខាងលើនេះ នៅមានរឿងរ៉ាវអស្ចារ្យជាច្រើនទៀត ដែលធ្វើឱ្យប្រាសាទអង្គរវត្តល្បីឈ្មោះទូទាំង ពិភពលោក រហូតមានប្រទេសនានាចម្លងតាម។ ចំណែកក្រុមអ្នកស្រាវជ្រាវនានា នៅតែបញ្ចេញរបកគំហើញថ្មីៗបន្តបន្ទាប់ ក្រោយពេលរុករកអាថ៌កំបាំងនៅតំបន់នេះ៕
ដកស្រង់ចេញពី៖ https://news.sabay.com.kh/article/946171