កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ សុខ ម៉ានី គ្រូបង្រៀនមុខវិជ្ជា ជីវវិទ្យា និងលោកគ្រូ ឈួន បូណា គ្រូជំនួយពិសោធ បានបង្រៀនមុខវិជ្ជាជីវវិទ្យាលើមេរៀន “វះកាត់សំណុំខួរជ្រូក និងកគ្រាប់ភ្នែកគោ (សិក្សាលើភ្នែកគោ ឬជ្រូក) ” ជូនដល់សិស្សានុសិស្សថ្នាក់ ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ។ នៅក្នុងសកម្មភាពបង្រៀននោះ អ្នកគ្រូ សុខ ម៉ានី បានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើការវះកាត់គ្រាប់ភ្នែកគោ ឬជ្រូក។ លើសពីនេះ អ្នកគ្រូ សុខ ម៉ានី បានបង្ហាញពីសម្ភារពិសោធនានាដូចជា ខួរជ្រូក កាំបិត ជ្រុញ ថាស ដង្កៀប និងគ្រាប់ភ្នែកគោ ឬជ្រូក។ ការលើកបង្ហាញបែបនេះ គឺអ្នកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើការវះកាត់គ្រាប់ភ្នែកគោ។ ក្រោយពីបានបង្ហាញពីដំណើរការនានាក្នុងការពិសោធបានចប់សព្វគ្រប់ហើយ អ្នកគ្រូ សុខ ម៉ានី បានចាប់ផ្តើមដំណើរការពិសោធទៅលើសម្ភារដែលបានត្រៀមយកមកពិសោធ។ អ្នកគ្រូក៏បានចាប់ផ្តើមពិសោធទៅតាមដំណាក់កាលនីមួយៗ ព្រមទាំងពន្យល់បន្ថែមអំពីទ្រឹស្តីមេរៀនដែលត្រូវយកមកប្រើប្រាស់ក្នុងពេលពិសោធ។ ក្រោយពីបានពិសោធរួចរាល់ សិស្សានុសិស្សបានលើកឡើងជាសំណួរសួរទៅកាន់អ្នកគ្រូ ហើយអ្នកគ្រូក៏បានពន្យល់បន្ថែមទៀតដល់សិស្សានុសិស្សអំពីទ្រឹស្តីល្អៗ ព្រមទាំងវិធីសាស្រ្តពិសោធផងដែរ។ ជាចុងក្រោយ អ្នកគ្រូ បានពន្យល់សិស្សានុសិស្សអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបង្ហាញអំពីលទ្ធផលនៃការពិសោធជូនដល់សិស្សានុសិស្សយ៉ាងក្បោះក្បាយ និងស៊ីជម្រៅបំផុត ហើយសិស្សានុសិស្សបានចូលរួមសហការគ្នាពិសោធជាលក្ខណៈក្រុមបានយ៉ាងល្អប្រសើរទៅលើប្រធានបទ វះកាត់សំណុំខួរជ្រូក និងគ្រាប់ភ្នែកគោ។ សមាជិកនីមួយៗនៃក្រុមពិសោធមានស្មារតីសហការ និងជួយពន្យល់ណែនាំគ្នាទៅវិញទៅមកដើម្បីឱ្យបានស្វែងយល់ និងចេះពីរបៀបពិសោធឱ្យបានគ្រប់គ្នា។ ក្រោយពីពិសោធចប់សព្វគ្រប់សិស្សានុសិស្សមានភាពសប្បាយរីករាយ ដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អ ហើយក៏បានថតរូប អនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយ។
Category: ផ្សេងៗ