កាលពីថ្ងៃទី២៦ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានចុះទៅសិក្សាកន្លែងកសិទេសចរណ៍ ដែលជាចម្ការបន្លែធម្មជាតិ និងជាសួនកម្សាន្ដបែបធម្មជាតិ EM ស្ថិតក្នុងភូមិបឹងធំ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ប្រហែល២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សថ្នាក់ទី៧ទាំងបីសាខា ប្រមាណជាង៣០០នាក់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។ គណៈកម្មការសាលា បានឱ្យដឹងថាគោលដៅសំខាន់ៗមួយចំនួន ដោយឱ្យសិស្សបានសិក្សាឈ្វេងយល់ពីសារៈសំខាន់ នៃវិស័យកសិកម្មកម្ពុជា ដែលកំពុងតែប្រឈមខ្លាំងលើការប្រើប្រាស់សារធាតុពុលទៅលើបន្លែ ត្រី សាច់ ដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ និងបរិស្ថានសង្គមទាំងមូល។ ម្យ៉ាងកូនសិស្សថែមទាំងទទួលបានការអប់រំបច្ចេកទេសដាំបន្លែតាមបែបធម្មជាតិដោយគ្មានប្រើជីគីមី ឬថ្នាំពុល ពីអ្នកជំនាញផង និងកម្សាន្តដោយដើរទស្សនាដំណាំបន្លែធម្មជាតិចម្រុះប្រមាណជាង៨០ប្រភេទផង ហើយថែមទាំងជួយពង្រឹងចំណងមិត្តភក្តិពួកគេឱ្យរឹតតែរឹងមាំផងដែរ។