សាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយសាលាសិល្បៈហ៊្វូណនដើម្បីបង្កើតសិក្ខាសាលា ស្តីអំពីវង់ភ្លេងពិណពាទ្យខ្មែរ សម្រាប់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ នៅក្នុងសិក្ខាសាលានៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ លោក ស៊ុបស័ក្ខរា ជានាយកសាលាសិល្បៈហ៊្វូណន ដែលជាអ្នកធ្វើបង្ហាញអំពីវង់ភ្លេងពិណពាទ្យខ្មែរ។ លោកបង្ហាញឧបករណ៍ភ្លេងពិណពាទ្យ រួមមាន ស្គរធំ ស្គរសំភោរ រនាតឯក រនាតធុង ស្រឡៃ គង ឈឹងជាដើមដើម្បីឱ្យសិស្សានុសិស្សស្គាល់មុខងារឧបករណ៍ភ្លេងពិណពាទ្យទាំងនេះ។ កាលលើកយកប្រធានបទស្តីអំពីវង់ភ្លេងពិណពាទ្យខ្មែរដើម្បីសិស្សានុសិស្សបានស្វែងយល់ដឹងកាន់ច្បាស់អំពីសិល្បៈខ្មែរបុរាណពីសំណាក់អ្នកស្រាវជ្រាវសិល្បៈខ្មែរបុរាណ។ ម៉្យាងទៀតលោកបានបកស្រាយកុំឱ្យកូនខ្មែរល្មមឈប់យល់ច្រឡំភ្លេងពិណពាទ្យជាភ្លេងសៀមទៀតទៅ ព្រោះវាមិនមែនជាភ្លេងសៀមដូចដែលមនុស្សភាគច្រើនហៅនោះទេ ដោយលោកបានបង្ហាញពីប្រវត្តិ និងការវិវត្តរបស់វា ចំណែកឧបករណ៍តន្រ្ដីពិណវិញ មានចម្រុះគ្នា ដូចជាខ្សែមួយ ខ្លុយ ស្គរ ឈឹង ដែលគេលេងសម្រាប់ប្រគំក្នុងពិធីសក្ការៈ និងសម្ដែងទស្សនីយភាពផ្សេងៗនៅក្នុងរឿងទេវកថាជាដើម។ ហើយឧបករណ៍វង់ភ្លេងទាំងពីរនេះមានឆ្លាក់ជាប់នៅតាមជញ្ជាំងប្រាសាទនានា ហើយភ្លេងពិណពាទ្យ ដែលខ្មែរស្គាល់សព្វថ្ងៃនេះ គឺស្លចេញពីការរួមផ្សំបញ្ចូលគ្នារវាងវង់ភ្លេងពិណនិងវង់ភ្លេងពាទ្យ ដោយគេកំណត់យកឈ្មោះពិណ និងពាទ្យ ជាវង់ភ្លេងពិណពាទ្យ។ ជាពិសេសនោះលើជញ្ជាំងប្រាសាទបុរាណមានដូចជា បាយ័ន តាព្រហ្មទន្លេបាទីនិងប្រាសាទសំបូរព្រៃគុកជាដើម សុទ្ធតែមានចម្លាក់ឧបករណ៍វង់ភ្លេងទាំងនេះ។
Category: សិក្ខាសាលា