កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំការពិសោធក្រោមប្រធានបទ “អំពូលមួយកុងតាក់ពីរ” ជូនដល់ សិស្សថ្នាក់ទី៨ នៅបន្ទប់ពិសោធ ដែលបានដឹកនាំដោយលោកគ្រូ ឡុង ភន គ្រូបង្រៀនមុខវិជ្ជារូបវិទ្យា។ ក្នុងការពិសោធលើប្រធានបទនោះដែរ លោកគ្រូបានលើកយកនូវចំណុចសំខាន់ៗ នៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សឱ្យកាន់តែយល់ច្បាស់ពីរបៀបតភ្លើងដែលមានអំពូលមួយកុងតាក់ពីរ និងដំណើរការនៃការពិសោធពីមួយដំណាក់កាលទៅមួយដំណាក់កាលតាម រយៈការពិសោធជាក់ស្តែងនៅក្នុងបន្ទប់ពិសោធ។ បន្ទាប់មក លោកគ្រូបានបង្ហាញពីសម្ភារដែលត្រូវ យកមកធ្វើពិសោធមានដូចជា អំពូល ឌុយជើង២ ខ្សែភ្លើង ទួណឺវីស និងស្កុតខ្សែភ្លើងជាដើម។ បន្ទាប់ពីបានបង្ហាញពីសម្ភារសម្រាប់ធ្វើពិសោធរួចរាល់មក លោកគ្រូក៏បានបង្ហាញ ពីទ្រឹស្តីមេរៀនយ៉ាងលម្អិត ដែលទាក់ទងទៅនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យដឹងគ្រប់ៗគ្នា ដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។ បន្ទាប់ពីលោកគ្រូ បានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធតាមដំណាក់កាលនីមួយៗ រួចមក លោកគ្រូក៏បានបែងចែកសិស្សជាក្រុមៗ ដោយក្នុងមួយក្រុមៗមានសមាជិកពី៣ ទៅ៤នាក់។ បន្តិចក្រោយមក សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធ ជាក់ស្តែងដោយមានការណែនាំពីលោកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវ វត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។
Category: ផ្សេងៗ