កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង គ្រប់សាខា បាននាំសិស្សថ្នាក់ទី១០ ទាំងអស់ចុះទស្សនកិច្ចសិក្សាទៅកាន់រមណីដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ ស្ថិតនៅក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ កម្មវិធីនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់មានដូចជា ស្វែងយល់ពីទីតាំងប្រវត្តិសាស្រ្តសម័យនគរភ្នំ នាសតវត្សរ៍ទី១ ដែលទាក់ទងនឹងដើមកំណើត អាណាចក្រខ្មែរ ផ្សារភ្ជាប់កម្មវិធីសិក្សាប្រវត្តិសាស្រ្ត យល់ដឹងពីទីតាំងប្រវត្តិសាស្រ្ត ដែលទាក់ទងនឹងភ្នំឈើកាច់ ដែលមានប្រវត្តិល្បីល្បាញតាំងពីបុរាណកាលមក ស្វែងយល់ពីទីវត្តអារាម ដែលមានជាប់ទាក់ទងទៅនឹងប្រវត្តិនៃទីកន្លែងរបស់តួអង្គទុំ ក្នុងរឿងទុំទាវ ផ្សារភ្ជាប់នឹងកម្មវិធីសិក្សាអប់រំអក្សរសិល្ប៍ យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជា កសិករនៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាង ដងវិថីក្នុងខេត្ដកណ្ដាល និងនៅជុំវិញកំពូលភ្នំឈើកាច់ ដែលលាតសន្ធឹងនៅលើផ្ទៃដីកសិកម្មដ៏ធំ ល្វឹងល្វើយក្នុងខេត្ដព្រៃវែង យល់ដឹងបន្ថែមអំពីរឿងរ៉ាវ និងព្រឹត្ដិការណ៍ប្រវត្តិសាស្រ្ត ដោយផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពជាក់ស្ដែងនៃតំបន់ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ធនធានវប្បធម៌ និងទេសចរណ៍ ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា ទេសចរណ៍ និងប្រវត្តិសាស្រ្ត រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ ហើយជាពិសេសបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
Category: កម្មវិធីទស្សនកិច្ចសិក្សា