កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៦ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សារមណីយដ្ឋានទន្លេបាទី ស្ថិតនៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងបន្តទៅទស្សនកិច្ចសិក្សានៅឧទ្យានសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ការធ្វើទស្សនកិច្ចសិក្សានេះសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករខ្មែរនៅតាមទីជនបទ សិក្សាស្វែងយល់ពីប្រាសាទបុរាណ ចម្លាក់ សិលាចារឹកដែលមាននៅលើប្រាង្គប្រាសាទ ព្រមទាំងស្វែង យល់ពីទីកន្លែងគោរពសក្ការៈដ៏ពិសិដ្ឋតាមបែបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ស្គាល់ឈ្មោះបា្រង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងយល់ដឹងបន្ថែមពីឧទ្យានសួនសត្វភ្នំតាម៉ៅ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ សួនសត្វភ្នំតាម៉ៅ ដែលមានសត្វជាង១០០ប្រភេទ រួមទាំងបានគយគន់ស្ថានភាពភូមិសាស្ដ្រ ទេសភាពភូមិឋាន ព្រៃភ្នំនៅអមសងខាងផ្លូវឡើងទៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងនៅជុំវិញតំបន់ទស្សនកិច្ចសិក្សាក្នុងខេត្តតាកែវ ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា ចម្លាក់ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងអភិរក្សសត្វព្រៃ។ ជាពិសេសឱ្យសិស្សានុសិស្សបង្កើនរឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។ ជាចុងក្រោយបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុង ទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
Category: កម្មវិធីទស្សនកិច្ចសិក្សា