កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ នូ ស្រីស្រស់ គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា បានបង្រៀនមុខវិជ្ជាគីមីវិទ្យាលើមេរៀន “អត្តសញ្ញាណអុកស៊ីសែន” ជូនដល់សិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ។ នៅក្នុងសកម្មភាពបង្រៀននោះ លោកគ្រូ នូ ស្រីស្រស់ បានលើកយកចំណុចសំខាន់ៗនៃ ខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើអត្តសញ្ញាណអុកស៊ីសែន។ លើសពីនេះ លោកគ្រូ នូ ស្រីស្រស់ បានបង្ហាញពី សម្ភារពិសោធនានាដូចជា ទឹកអុកស៊ីសែន ម៉ងកាណែសឌីអុកស៊ីត កែវបាឡង ឬដប ធូប ដេកកេស ទឹកកំបោរថ្លា និងទុយោ។ ការលើកបង្ហាញបែបនេះ គឺលោកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើអត្តសញ្ញាណអុកស៊ីសែន។ លោកគ្រូបានបន្តថា មុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សាភ្ជាប់នឹងការ អនុវត្តទៅតាមទ្រឹស្ដីមេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹង ដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។ក្រោយពីបានពិសោធរួចរាល់ សិស្សានុសិស្ស បានលើកឡើងជាសំណួរសួរទៅកាន់លោកគ្រូ ហើយលោកគ្រូក៏បានពន្យល់បន្ថែមទៀតដល់សិស្សានុសិស្សអំពីទ្រឹស្តីល្អៗ ព្រមទាំងវិធីសាស្រ្តពិសោធផងដែរ។ ជាចុងក្រោយ លោកគ្រូ បានពន្យល់សិស្សានុសិស្សអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបង្ហាញអំពីលទ្ធផលនៃការពិសោធជូនដល់សិស្សានុសិស្សយ៉ាងក្បោះក្បាយ និងស៊ីជម្រៅបំផុត ហើយសិស្សានុសិស្សបានចូលរួមសហការគ្នាពិសោធជាលក្ខណៈក្រុមបានយ៉ាងល្អប្រសើរទៅលើប្រធានបទ “អត្តសញ្ញាណអុកស៊ីសែន ។ សមាជិកនីមួយៗនៃក្រុមពិសោធមានស្មារតីសហការ និងជួយពន្យល់ណែនាំគ្នាទៅវិញទៅមកដើម្បីឱ្យបានស្វែងយល់ និងចេះពីរបៀបពិសោធឱ្យបានគ្រប់គ្នា។ ក្រោយពេលពិសោធចប់សព្វគ្រប់ សិស្សានុសិស្សមានភាពសប្បាយរីករាយ ដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អ ហើយក៏បានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយ។
Category: ផ្សេងៗ