អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព
ក្រោមប្រធានបទ “ស្រឡាញ់អ្វីដែលអ្នកធ្វើ ធ្វើអ្វីដែលអ្នកស្រឡាញ់”
អត្ថបទដោយ : សំអុល ចរិយា
មានបេក្ខជនជាច្រើនបានសួរខ្ញុំថា តើអ្នកធ្វើយ៉ាងដូចម្តេចដើម្បីគ្រប់គ្រងអាជីពរបស់អ្នក និងការចំណាយពេលវេលាជាមួយគ្រួសាររបស់អ្នកបានយ៉ាងរលូន? ខ្ញុំបាននិយាយថា “ស្រឡាញ់អ្វីដែលអ្នកធ្វើ ធ្វើអ្វីដែលអ្នកស្រឡាញ់” នៅពេលដែលអ្នកដឹងថាអ្វីដែលអ្នកត្រូវធ្វើ
អ្នកនឹងខិតខំធ្វើវាយ៉ាងពេញទំហឹង ហើយបានលទ្ធផលល្អថែមទៀតផង។ វា នឹងបង្ហាញនូវការយល់ដឹងពីអ្វីដែលអ្នកគួរធ្វើ និងអ្វីដែលអ្នកមិនគួរធ្វើ។

នៅពេលដែលខ្ញុំស្វែងរកការងារលើកដំបូងជាអ្នកលក់ម្នាក់ ខ្ញុំមិនរំពឹងថាខ្ញុំត្រូវបានគេជ្រើសរើសធ្វើជាមន្ត្រីផ្នែកធនធានមនុស្សម្នាក់ ដែលធ្វើឱ្យជីវិតរបស់ខ្ញុំមានការផ្លាស់ប្តូររហូតដល់ពេលបច្ចុប្បន្ននេះ។ កាលពីឆ្នាំ២០០៩ ក្នុងនាមជាមន្ត្រីធនធានមនុស្សម្នាក់ ខ្ញុំបានធ្វើការងារជាមួយមនុស្សជាច្រើនប្រភេទផ្សេងៗគ្នា តាមរយៈការជ្រើសរើសពួកគេ ដើម្បីឱ្យចូលបម្រើការងារក្នុងស្ថាប័នមួយ។ ការត្រួតពិនិត្យប្រវត្តិរូបសង្ខេបរបស់បេក្ខជនម្នាក់ៗ ប្រៀបបីបានដូចជាការអានរឿងដែលទាក់ទងទៅនឹងការងារ ឬអាជីព។ នៅឆ្នាំ២០១៥ ខ្ញុំបានចូលបម្រើការងារនៅក្រុមហ៊ុនមួយ ដែលធ្វើឱ្យខ្ញុំមានសមត្ថភាពជួបប្រធានក្រុមហ៊ុនជាច្រើន ដែលត្រូវការជ្រើសរើសបុគ្គលិកដែលមានជំនាញពិតប្រាកដ ដើម្បីឱ្យចូលបម្រើការងារនៅក្រុមហ៊ុនរបស់ពួកគេ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែអានទំនួលខុសត្រូវនៃតួនាទីក្នុងក្រុមហ៊ុននីមួយៗ ដើម្បីដាក់បុគ្គលិកឱ្យត្រូវទៅតាមតម្រូវការរបស់ក្រុមហ៊ុននោះ។ មានទំនាក់ទំនងក្នុងសហគមន៍ (Linkedin) ប្រមាណជាង៧៣៣,០០០,០០០ ជុំវិញពិភពលោករហូតពេលបច្ចុប្បន្ននេះ ខ្ញុំអាចនិយាយបានថា ការស្វែងរកមនុស្សជារឿងដែលខ្ញុំចូលចិត្តបំផុត។ ពីបុគ្គលិកធម្មតាម្នាក់ ក្លាយជាអ្នកគ្រប់គ្រងម្នាក់មិនមែនជារឿងធំដុំនោះទេ ប៉ុន្តែរឿងដែលអស្ចារ្យនោះគឺខ្ញុំដឹងនូវអ្វីដែលខ្ញុំកំពុងធ្វើ និងអ្វីដែលខ្ញុំស្រឡាញ់។ ខ្ញុំសប្បាយចិត្តដែលខ្ញុំជ្រើសរើសការងារត្រូវ ហើយខ្ញុំនៅបន្តធ្វើវារហូតដល់ពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ននេះ ខ្ញុំជាប្រធានផ្នែកជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលទទួលខុសត្រូវទៅលើក្រុមការងារជ្រើសរើសបុគ្គលិក ដើម្បីធ្វើយ៉ាងម៉េចឱ្យពួកគេមានគោលដៅតែមួយក្នុងការជ្រើសរើសបុគ្គលិកដែលមានវិជ្ជាជីវៈច្បាស់លាស់ ហើយអាចធ្វើឱ្យក្រុមហ៊ុនមានភាពរីកចម្រើនទៅមុខជាប់ជានិច្ច។ ជាមួយគ្នានេះដែរ ខ្ញុំក៏បានបើកវគ្គបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងបង្កើតគំនិតថ្មីៗជាប្រចាំ។ ខ្ញុំមានជំនឿជឿជាក់ទៅលើទស្សនៈ “ស្រឡាញ់អ្វីដែលអ្នកធ្វើ ធ្វើអ្វីដែលអ្នកស្រឡាញ់”។ វាតែងតែធ្វើឱ្យយើងដើរនៅលើផ្លូវដែលត្រឹមត្រូវ។ នៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) យើងក៏មានជំនឿទៅលើតម្លៃស្នូលរបស់យើងផងដែរ ដូច្នេះហើយសូមអ្នកទាំងអស់គ្នាត្រូវដឹងនូវអ្វីដែលអ្នកគួរធ្វើ និងអ្វីដែលមិនគួរធ្វើ៕