អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ហេតុអ្វីបានជារដូវរងា អាចមានផលរំខានដល់ការមករដូវរបស់ស្ត្រី”
អត្ថបទដោយ : លីម រតនៈ
យើងម្នាក់ៗប្រហែលជាសប្បាយរីករាយជាមួយរដូវលំហើយ ព្រោះថាក្រៅពីបានភ្លក្សរសជាតិអាកាសធាតុត្រជាក់ស្រួលហើយនោះ វាក៏ជារដូវដែលមានទេសភាពស្រស់ត្រកាលផងដែរ។ ប៉ុន្តែលោកអ្នកដឹងទេ? ក្នុងរដូវនេះ
វាបែរជារដូវគួរឱ្យធុញទ្រាន់សម្រាប់ស្ត្រីមួយចំនួនទៅវិញ ព្រោះថាវាធ្វើឱ្យមានការរំខានជាខ្លាំងជាមួយនឹងការមករដូវរបស់ស្ត្រី។ ផលរំខានទាំងនោះរួមមាន៖

កាត់បន្ថយសកម្មភាពអូវែ :
ការផ្លាស់ប្ដូររដូវ ឬអាកាសធាតុអាចប៉ះពាល់ដល់វដ្តរដូវរបស់អ្នក។ យោងតាមការសិក្សាបានឱ្យដឹងថា ក្នុងអំឡុងពេលរដូវរងា ស្ត្រីបានបង្កើនការបញ្ចេញអរម៉ូន និងវដ្តរដូវខ្លីជាងមុន បើធៀបនឹងរដូវក្ដៅ។ ជាមួយគ្នានេះ សកម្មភាពរបស់អូវែ ដំណើរការបានល្អនៅក្នុងរដូវក្ដៅ បើធៀបនឹងដំណើរការដូចគ្នានៅ រដូវរងា។ ដូច្នេះ ស្ត្រីអាចជួបប្រទះបញ្ហាទាក់ទងនឹងការមករដូវ។
រោគសញ្ញាមុនមករដូវ :
ស្ត្រីគួរដឹងថា រោគសញ្ញាមុនពេលមករដូវ នឹងកាន់តែអាក្រក់ទៅៗក្នុងកំឡុងខែដែលកាន់តែត្រជាក់។ ក្នុងកំឡុងថ្ងៃដ៏ត្រជាក់នោះ ស្ត្រីត្រូវចំណាយពេលច្រើននៅក្នុងផ្ទះ ផ្លាស់ទីតិច និងញ៉ាំអាហារច្រើន។ របស់ទាំងនេះអាចរំខានដល់វដ្តរដូវរបស់អ្នក និងជះឥទ្ធិពលអវិជ្ជមានដល់រោគសញ្ញាមុនពេលមករដូវ។
មូលហេតុអ្វីទើបខែរងាគឺជារឿងរំខានសម្រាប់វដ្ដរដូវ?
ការសិក្សាជាច្រើនបានចង្អុលបង្ហាញថា ស្ត្រីដែលសកម្មក្នុងការងារ និងហាត់ប្រាណមានវដ្តរដូវទៀងទាត់ និងអាចគ្រប់គ្រងបញ្ហាបានច្រើនជាងអ្នកដែលមិនបានហាត់ប្រាណ។ ត្រងចំណុចនេះ វាទាក់ទងនឹងរដូវរងាដោយហេតុថា មនុស្សជាច្រើនចំណាយពេលនៅក្នុងផ្ទះជាជាងចេញក្រៅ ដែលជាហេតុនាំឱ្យសកម្មភាពរាងកាយថយចុះដូចគ្នា។ ទោះយ៉ាងណា បើសិនជាស្រីៗមានឈាមរដូវច្រើនជាងធម្មតា រោគសញ្ញាមុនមករដូវមានដូចជា ឈឺក្បាល ចង្អោរ ហើមពោះ ឈឺក្នុងពោះ តឹងសុដន់ និងអស់កម្លាំងខ្លាំង អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយ។
វិធីសាស្ត្រងាយៗដែលអាចដោះស្រាយបានដោយខ្លួនឯង :
• ត្រូវញ៉ាំអាហារដែលមានតុល្យភាពល្អ
• ហាត់ប្រាណឱ្យបានទៀងទាត់
• រក្សាទម្ងន់ឱ្យល្អបំផុត
• ស្អំទឹកក្ដៅ ដើម្បីគ្រប់គ្រងការឈឺចាប់ពេលមករដូវ និងឈឺពោះ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.healthshots.com