អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍
ក្រោមប្រធានបទ “អាញ់ស្តាញ់ និងអាវុធនុយក្លេអ៊ែរ”
អត្ថបទដោយ : ហ៊ិន គឹមហៀក
#MJQE#AmericanInterconSchool
រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើននាំគ្នាចាត់ទុកលោកអាល់ប៊ែរ អាញ់ស្តាញ់ ថាជាបិតានៃអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ តាមការពិតទៅទ្រឹស្តីរូបវិទ្យារបស់អាញ់ស្តាញ់មិនមែនជាទ្រឹស្តីដែលបង្កើតអាវុធនុយក្លេអ៊ែរដោយផ្ទាល់នោះទេ គឺគ្រាន់តែជាទ្រឹស្តីដែលបង្ហាញពីទំនាក់ទំនងរវាងម៉ាស និងថាមពល។
ទ្រឹស្តីនេះត្រូវបានលោក អាញ់ស្តាញ់ រកឃើញនៅឆ្នាំ១៩០៥ ហើយដែលសរុបជារួមតាមរយៈរូបមន្តដ៏ល្បីល្បាញនៅទូទាំងពិភពលោកមកទល់នឹងពេលបច្ចុប្បន្ន គឺ E=mc²។ នៅក្នុងនេះ E គឺជាថាមពល, m គឺជាម៉ាស ចំណែក c គឺល្បឿននៃពន្លឺ (ហើយល្បឿននៃពន្លឺគឺមានតម្លៃថេរជានិច្ចទោះជានៅក្នុងស្ថានភាពណាក៏ដោយ)។
តាមរយៈរូបមន្តនេះ លោកអាញ់ស្តាញ់បង្ហាញឱ្យឃើញពីភាពសមមូលរវាងថាមពល និងម៉ាស (សម្តីផ្ទាល់របស់អាញ់ស្តាញ់៖ « It followed from the special theory of relativity that mass and energy are both but different manifestations of the same thing a somewhat unfamiliar conception for the average mind ») ហើយលើសពីនេះទៅទៀត ដោយសារតែថាមពល គឺជាផលគុណរវាងម៉ាស និងការ៉េនៃល្បឿនពន្លឺ ហើយល្បឿនពន្លឺមានតម្លៃខ្ពស់ ដូច្នេះម៉ាសក្នុងបរិមាណដ៏តិចតួចមួយក៏អាចបង្កើតទៅជាថាមពលដ៏សម្បើមបានដែរ។ នេះហើយជាគោលការណ៍ដែលបង្ហាញឱ្យឃើញនៅក្នុងថាមពលនុយក្លេអ៊ែរ។
ដូច្នេះ បើនិយាយខាងផ្នែកវិទ្យាសាស្រ្ត ទ្រឹស្តីរបស់អាញ់ស្តាញ់ គ្រាន់តែជាចំណែកមួយប៉ុណ្ណោះនៅក្នុងដំណើរវិវឌ្ឍឆ្ពោះទៅការបង្កើតអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ តួនាទីដែលកាន់តែសំខាន់របស់អាញ់ស្តាញ់ គឺខាងផ្នែកនយោបាយ។ និយាយឱ្យចំ គឺសកម្មភាពរបស់លោក ក្នុងការជំរុញឱ្យអាមេរិកបង្កើតគម្រោង
ផលិតអាវុធនុយក្លេអ៊ែរ តាមរយៈលិខិតផ្ញើជូនទៅលោកប្រធានាធិបតី ហ្វ្រែងឃ្លីន រូសវែល (Franklin D. Roosevelt) នៅឆ្នាំ១៩៣៩។
នៅក្នុងចំណោមទ្រឹស្តីវិទ្យាសាស្រ្តសំខាន់ៗ ដែលនាំទៅរកការបង្កើតអាវុធនុយក្លេអ៊ែរ ទ្រឹស្តីដ៏សំខាន់បំផុតមួយ គឺប្រតិកម្មនុយក្លេអ៊ែរ ហើយអ្នកវិទ្យាសាស្រ្តដ៏ល្បីឈ្មោះជាងគេនៅក្នុងការរកឃើញទ្រឹស្តីនេះ គឺអ្នកប្រាជ្ញខាងរូបវិទ្យាមកពីហុងគ្រី ឈ្មោះ លេអូ ស៊ីឡាដ (Leo Szilard)។ លេអូ ស៊ីឡាដ គឺជាមិត្តភក្តិរបស់អាញ់ស្តាញ់ ហើយក៏ជាអ្នកវិទ្យាសាស្រ្តដែលរត់ភៀសខ្លួនចេញពីពួកណាស៊ី ទៅជ្រកកោននៅសហរដ្ឋអាមេរិកដូចជាអាញ់ស្តាញ់ដែរ។
លទ្ធភាពដែលហ៊ីត្លែរអាចនឹងមានអាវុធប្រល័យលោកនៅក្នុងដៃ គឺជាក្តីបារម្ភដ៏ធំបំផុតដែលធ្វើឱ្យអ្នកវិទ្យាសាស្រ្តទាំងពីររូបសម្រេចថា ត្រូវតែប្រាប់ប្រធានាធិបតីអាមេរិកឱ្យបានដឹងអំពីរឿងនេះ ហើយនៅពេលនោះ អ្នកប្រាជ្ញដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញអាចមានឥទ្ធិពលទាក់ទាញចំណាប់អារម្មណ៍របស់ប្រធានាធិបតីអាមេរិកបាន គឺអាញ់ស្តាញ់។
នៅខែតុលា ឆ្នាំ១៩៣៩ នៅក្នុងពេលដែលសង្រ្គាមលោកលើកទី២ទើបនឹងឆាបឆេះឡើងនៅអឺរ៉ុប លិខិតរបស់អាញ់ស្តាញ់ត្រូវបានបញ្ជូនទៅដល់សេតវិមាន ហើយនៅក្នុងលិខិតនេះ អាញ់ស្តាញ់បានប្រាប់លោកប្រធានាធិបតី រូសវែល ទៅតាមដំណើររឿងដូចអ្វីដែល លេអូ ស៊ីឡាដ បានប្រាប់លោក គឺលទ្ធភាពនៃការយកអ៊ុយរ៉ាញ៉ូមទៅផលិតជាគ្រាប់បែកតាមរយៈប្រតិកម្ម នុយក្លេអ៊ែរ។ ក្នុងពេលជាមួយគ្នា អាញ់ស្តាញ់ក៏បានលើកឡើងផងដែរថា នៅក្នុងពេលនោះអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ប្រហែលជាកំពុងសិក្សាលើការផលិតអាវុធប្រភេទថ្មីនេះ ហើយបានជំរុញឱ្យលោកប្រធានាធិបតី រូសវែល ប្រមែប្រមូលអ្នកវិទ្យាសាស្រ្តនៅអាមេរិក ដើម្បីសិក្សាលើគម្រោងនេះដែរ ដើម្បីពិនិត្យលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរឱ្យបានមុនហ៊ីត្លែរ។
ប្រមាណជា៣សប្តាហ៍ក្រោយមក លោកប្រធានាធិបតី រូសវែល បានផ្ញើលិខិតតបទៅអាញ់ស្តាញ់វិញ ដោយក្នុងលិខិតនោះ ក្រៅពីបានអរគុណអាញ់ស្តាញ់ លោកប្រធានាធិបតី រូសវែល បានប្រាប់ទៅអាញ់ស្តាញ់ថា លោកបានទទួលតាមអនុសាសន៍របស់អាញ់ស្តាញ់ ដោយរៀបចំឱ្យមាននូវក្រុមការងារអ្នកវិទ្យាសាស្រ្តដើម្បីសិក្សាលើគម្រោងផលិតអាវុធនុយក្លេអ៊ែរ។
ក្រុមការងារនេះ បានជួបប្រជុំគ្នាជាផ្លូវការជាលើកដំបូងតាំងពីថ្ងៃទី២១តុលា ដោយមានការចូលរួមពីសំណាក់អ្នកវិទ្យាសាស្រ្តដែលជាជនភៀសខ្លួនពីពួកណាស៊ី ជាពិសេសគឺលេអូ ស៊ីឡាដ អ្នករកឃើញប្រតិកម្មនុយក្លេអ៊ែរ និងជាអ្នកដែលផ្តួចផ្តើមគំនិតជាមួយអាញ់ស្តាញ់ ក្នុងការសរសេរលិខិតទៅលោកប្រធានាធិបតីរូសវែល។ ការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តនេះហើយ ដែលបង្កើតចេញជាគម្រោង ដែលគេឱ្យឈ្មោះថា «Manhattan Project» ហើយផលិតបានជាគ្រាប់បែកនុយក្លេអ៊ែរលើកដំបូង ដែលអាមេរិកយកទៅទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាកាសាគីរបស់ជប៉ុននៅឆ្នាំ១៩៤៥។
ក្រោយមកទៀត ទស្សនាវដ្តីដ៏ល្បីឈ្មោះ The Times បានចេញផ្សាយដោយដាក់រូបភាពអាញ់ស្តាញ់ធំៗនៅលើទំព័រមុខជាមួយនឹងរូបភាពនៃការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ចារពីលើដោយរូបមន្តដ៏ល្បីល្បាញរបស់លោក គឺ E=mc²។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
– https://www.rfi.fr/km/world-history-biography-einstein-energy-mass-nuclear-13-08-2017
– https://royalcambodiaarmy.blogspot.com/2020/01/blog-post.html