ពិតជាគួរឱ្យមោទនៈចំពោះលទ្ធផលរបស់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ១៦រូប ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយយោងតាមលទ្ធផលនេះ បើធៀបទៅនឹងឆ្នាំសិក្សាមុន នោះសាលារៀនឯកជនកូនកាត់ដ៏ល្បីឈ្មោះមួយនេះ មានសិស្សនិទ្ទេស A កើនឡើងចំនួន៩នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់ និងចាប់អារម្មណ៍បន្ថែមទៀតនោះ គឺលទ្ធផលនៃសាលារៀនឯកជនមួយនេះ មានសិស្សប្រឡងជាប់បើគិតជាភាគរយគឺស្មើនឹង៨៧.២០% ហើយតាមភាគរយនេះ បើធៀបទៅនឹងលទ្ធផលថ្នាក់ជាតិដែលមាន ៦៣.៨៤% នោះឃើញថាទទួលបានភាគរយខ្ពស់គួរជាទីសាទរគួរឱ្យកត់សម្គាល់ផងដែរ។ នេះរាប់ថាជាជោគជ័យ និងជាមុខមាត់ថ្មីមួយបន្ថែមទៀតនៃសាលារៀន អន្ដរទ្វីប អាមេរិកាំង។ ក្រៅតែពីសិស្សទទួលបាននិទ្ទេស A មានចំនួន១៦នាក់ហើយនោះ ក៏មានសិស្សទទួលបាននិទ្ទេស B ចំនួន៨៤នាក់, និទ្ទេស C ចំនួន១១៣នាក់, និទ្ទេស D ចំនួន១០០នាក់ និងនិទ្ទេស E មានចំនួន២០៣នាក់។ ថ្លែងជុំវិញជោគជ័យនៃលទ្ធផលខាងលើនេះ លោកស្រី រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រាប់អ្នកសារព័ត៌មានយើងនាព្រឹកថ្ងៃទី១១កញ្ញានេះថា លទ្ធផលឆ្នាំនេះពិតជាធ្វើឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកនៃស្ថាប័នរបស់ខ្លួនមានមោទនភាព និងគួរឱ្យស្ញប់ស្ញែងជាទីបំផុត។ អនុប្រធានសាលារៀនឯកជនមួយនេះបន្តថ្លែងថា លទ្ធផលដ៏គួរឱ្យមោទនភាពមួយនេះ គឺកើតឡើងដោយសារថ្នាក់ដឹកនាំសាលាមានផែនការយុទ្ធសាស្រ្តល្អ និងចេះរៀបផែនការប្រចាំឆ្នាំ ប្រចាំខែ ប្រចាំសប្ដាហ៍ និងប្រចាំថ្ងៃបានទៀងទាត់, ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងលោកគ្រូអ្នកគ្រូសហការគ្នាបានល្អ, ថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ខ្ពស់លើការសិក្សារបស់សិស្ស, គ្រូបង្រៀនលះបង់ពេលវេលាច្រើនក្នុងការស្រាវជ្រាវឯកសារ សំណួរ ចម្លើយ ដើម្បីបង្ហាញដល់សិស្ស, មាតាបិតា ឬអាណាព្យាបាលសិស្សចូលរួមសហការល្អជាមួយសាលា និងជួយជំរុញលើកទឹកចិត្តកូនៗរបស់គាត់ឱ្យខិតខំរៀនសូត្រ។ ពិសេសនោះ សិស្សានុសិស្សខ្លួនឯងក៏មានមនសិការ និងឆន្ទៈខ្ពស់លើការសិក្សា ម្យ៉ាងពួកគាត់ក៏ដឹងថា ក្នុងនាមជាសិស្សតើពួកគាត់មានតួនាទីធ្វើអ្វីខ្លះ? “ដ្បិតថាយើងទទួលបានលទ្ធផលល្អប្រសើរបែបនេះក៏ដោយក្ដី ប៉ុន្តែយើងក៏នឹងមិនលង់ខ្លួន ឬបន្ធូរបន្ថយដៃនោះដែរ។ ពោលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបុគ្គលិកគ្រប់ផ្នែក ពិសេសលោកគ្រូអ្នកគ្រូទាំងអស់នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង នឹងពួតដៃគ្នាពង្រឹងគុណភាពអប់រំសាលាមួយនេះឱ្យរឹងរឹតតែប្រកបដោយគុណភាពឧត្ដុង្គឧត្ដមជាងនេះបន្ដទៀត។ តាងនាមខ្ញុំជាថ្នាក់ដឹកនាំសាលាមួយរូបផងដែរនោះ ខ្ញុំសូមសំណូមពរដល់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងអស់បន្តការខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាធនធានមនុស្ស និងជាបញ្ញាវន្តដ៏ពិតប្រាកដ។ អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
Category: ផ្សេងៗ