អត្ថបទព័ត៌មានស្តីអំពីដំណើរកម្សាន្ត ក្រោមប្រធានបទ “កន្លែងទេសចរណ៍ទាំង១០ ក្នុងខេត្តកោះកុង”
អត្ថបទដកស្រង់ដោយ: គិត សុភ័ក្រ្ត
#MJQE #AmericanInterconSchool
ខេត្តកោះកុង មានចម្ងាយប្រហែលជា២៧១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយជាខេត្តមួយស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ។ ថ្ងៃនេះខ្ញុំសូមណែនាំកន្លែងទេសចរណ៍ទាំង១០ ក្នុងខេត្តកោះកុងដែលពុំគួរមើលរំលង មានដូចជា៖
១. ទឹកធ្លាក់តាតៃ : គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ ទឹកធ្លាក់តាតៃ គឺមានតំបន់រមណីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាពបរិសុទ្ធ ដែលស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង តាមផ្លូវជាតិលេខ៤៨ ហើយប្រជាជននៅទីនោះប្រកបមុខរបរជាអ្នកនេសាទ និងការប្រមាញ់។
២. កោះស្តេច : អ្នកអាចគយគន់ទេសភាពនៅពេលថ្ងៃលិចដ៏ស្រទន់ ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុស ជាពិសេសទឹកសមុទ្រដ៏ខៀវស្រងាត់ផងដែរ។ នៅទីនោះសម្រាប់ភ្ញៀវបរទេសភាគច្រើនចូលចិត្តការ ហែលទឹកលេងកម្សាន្ត និងស្ទួចត្រីនៅលើទូកអ្នកនេសាទ ឬទូកទេសចរណ៍។ ក្រៅពីនេះ នៅទីនោះក៏មានកន្លែងជាច្រើនដូចជា កន្លែងវាយកូនហ្គោល ឆ្នេរសមុទ្រដែលបានកែច្នៃដ៏ស្រស់ស្អាត ការជិះកង់កម្សាន្តជុំវិញកោះ ការដើរលេងកម្សាន្តនៅតាមជ្រលងភ្នំជាលក្ខណៈផ្សងព្រេងជាដើម។
៣. ឆ្នេរនេសាទ : ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសម្រាកកាយផងដែរ។ នៅពេលបានមកដល់ឆ្នេរភូមិនេសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅលេងលើខ្សាច់សស្អាត មានដើមដូងដុះខ្លះទេរ ខ្លះត្រង់ និងអាចទស្សនាសម្រស់ព្រះសុរិយាអស្តង្គត និងរលកសមុទ្រព្រិចៗ គួរឱ្យចង់គយគន់មិនជិនណាយ។ ពិសេសជាងនេះទៅទៀត យើងក៏អាចស្នាក់នៅ និងញុំាអាហារ ភេសជ្ជៈផ្សេងៗជាលក្ខណៈគ្រួសារ មិត្តភក្តិ ប្រកបទៅដោយភាពរីករាយនៅប្របមាត់ឆ្នេរនេសាទផងដែរ។
៤. ឆ្នេរផ្កាយ៧ : មានឆ្នេរខ្សាច់ស ទឹកថ្លាមើលឃើញដី ទេសភាពក៏ស្អាត ហើយស្ងប់ស្ងាត់ទៀត ឆ្នេរនេះស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
៥. ពាមក្រសោប (ព្រៃកោងកាង) : សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីក្រុង ខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នោះ ដោយចំណាយពេលត្រឹមតែ២០ ទៅ២៥នាទីប៉ុណ្ណោះ។ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង តំបន់នេះបានទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ បានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
៦. ឆ្នេរបារាំង : ឆ្នេរមួយនេះស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ បើសិនជាមកលេងតំបន់តាតៃ កុំភ្លេចមកលេងវាលខ្សាច់សដ៏ស្រស់ស្អាតមួយនេះផង ដោយយើងអាចជិះទូកចេញពីគល់ស្ពានតាតៃ ចំណាយពេលប្រហែល២ម៉ោង ហើយក៏បានគយគន់ទេសភាពនៅតាមដងព្រែក អ្វីដែរពិសេសយើងអាចជិះទូកកាយយ៉ាកលេង រាវខ្យងស្លាប យកមកអាំងញុំា នឹងដើរមើលព្រៃកោងកាង។
៧. ភ្នំម្រេចកង្កែប អារ៉ែង : ស្រស់ស្អាតម្ល៉េះទេ ភ្នំម្រេចកង្កែប អារ៉ែង ខេត្តកោះកុង។ ភ្នំម្រេចកង្កែប ជាឋានសួគ៌ធម្មជាតិ ស្ថិតក្នុងតំបន់អារ៉ែង នៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង (សហគមន៍ អេកូទេសចរណ៍ តំបន់ស្ទឹងអារ៉ែង)។
៨. អូរទឹកវេទ តំបន់ជីផាត : ទឹកធ្លាក់ជីផាត វាពិតជាស្រស់ស្អាតខ្លាំងណាស់ បានទៅលេងហើយជាប់ចិត្ត ដែលមានទីតាំងស្ថិតនៅក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
៩. កោះស្រឡៅ : កោះស្រឡៅ ស្ថិតក្នុងខេត្តកោះកុង ដែលអាចធ្វើដំណើរតាមរយៈទូកទេសចរណ៍ពីស្ពានតាតៃដោយប្រើពេលជាង២ម៉ោង ទើបដល់សហគមន៍។
១០. ឆ្នេរកោះកុងក្រៅ : ឆ្នេរកោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ៤០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ៨០គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់សម្រាប់កម្សាន្ត៥កន្លែង ផងដែរ។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
- https://www.google.com/
- https://news.sabay.com.kh/article/1232067