កម្មវិធីបំណិនជីវិតស្តីពី៖ ការដាំដើមប្រទាលរាសី

    កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្ដាល បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី “ការដាំដើមប្រទាលរាសី” ជូនដល់សិស្សថ្នាក់មត្តេយ្យសិក្សា “គ” វេនព្រឹក និងវេនរសៀល នៅក្នុងសួនជីវៈចម្រុះ អគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្ដាល ដែលដឹកនាំដោយអ្នកគ្រូ ពៅ សេងហុង។
    ជាដំបូងអ្នកគ្រូ ពៅ សេងហុង បានបង្ហាញប្រាប់ឈ្មោះដើមប្រទាលរាសី ត្រូវដាំ សម្ភារៈ និងរៀបរាប់ពីរបៀបដាំដើមប្រទាលរាសី យ៉ាងក្បោះក្បាយជូនដល់កុមារឱ្យបានដឹង។ បន្ទាប់មកទៀត អ្នកគ្រូបានរៀបរាប់យ៉ាងលម្អិតពីសម្ភារៈ ដែលត្រូវប្រើប្រាស់ក្នុងការដាំដើមប្រទាលរាសី ជូនដល់កុមារស្តាប់ និងបានប្រាប់ពីដំណាក់កាលដាំនីមួយៗ។ 
ដំណាក់កាលទី១ អ្នកគ្រូបានបញ្ជាក់ពីសម្ភារៈ និងដើមប្រទាលរាសី ដែលត្រូវប្រើសម្រាប់ដាំរួមមាន ស្រោមដៃពេទ្យ ផើងដាំដំណាំ ធុងស្រោចដំណាំ ជីកំប៉ុស្ត និងដីជាដើម។ 
ដំណាក់កាលទី២ ត្រូវយកដីដាក់ក្នុងផើងរួចជ្រួយវាឱ្យសព្វ ហើយស្រោចទឹកផ្សើមដីនោះឱ្យសើមល្មម។ ចំពោះដីសម្រាប់ដាំដើមប្រទាលរាសី អ្នកគ្រូបានឱ្យសិស្សជ្រើសរើសដីដែលល្អមានជីជាតិ ជាដីមានលាយជីលាមកគោ ជីកំប៉ុស្ត ឬដីល្បាយជាដើម។ 
ដំណាក់កាលចុងក្រោយ អ្នកគ្រូឱ្យកុមារយកដើមប្រទាលរាសី ដាក់ដាំនៅក្នុងផើងដែលបានរៀបចំទុកមុននោះ ដោយរោយស្តើងៗទៅលើដី។ អ្នកគ្រូបានបន្ថែមទៀតថា ដើម្បីឱ្យដើមប្រទាលរាសី លូតលាស់បានកាន់តែល្អ យើងមិនត្រូវដាំដើមប្រទាលរាសី ក្នុងចំនួនដើមច្រើន ក្នុងផើងតែមួយនោះទេ ពីព្រោះអាចនាំឱ្យដើមប្រទាលរាសី ដុះលូតលាស់មិនល្អ ញឹកពេក និងស្រូបយកជីជាតិមិនបានគ្រប់គ្រាន់។ មួយវិញទៀត យើងត្រូវស្រោចទឹកដល់មែកផ្កាឱ្យបានគ្រប់គ្រាន់ ហើយដាក់វានៅកន្លែងដែលមានពន្លឺថ្ងៃល្អ ព្រោះរុក្ខជាតិទាំងអស់ត្រូវការពន្លឺព្រះអាទិត្យសម្រាប់ដំណើរការរស្មីសំយោគ និងត្រូវថែទាំការពារពីការបំផ្លាញរបស់សត្វល្អិតផងដែរ។
    ក្រោយពីបានស្តាប់អ្នកគ្រូពន្យល់ចប់សព្វគ្រប់ កុមារទាំងអស់បានចូលរួមជួយដាំដើមប្រទាលរាសី ជាមួយអ្នកគ្រូក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ និងមានការសហការគ្នាបានយ៉ាងល្អ ហើយកុមារទាំងអស់មានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់ដើមប្រទាលរាសី ដែលពួកគេបានដាំ។ កុមារពិតជាបានយល់ដឹងពីរបៀបដាំហើយថែមទាំងជួយឱ្យកុមារមានសាមគ្គីភាពជាមួយមិត្តរួមថ្នាក់បានកាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះទៅទៀត  កុមារក៏អាចយកចំណេះដឹងទាំងនេះទៅជួយក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាមួយម៉ាក់ប៉ារបស់ពួកគាត់។

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖

https://www.facebook.com/ais.mjqeducation/