សាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់ទី១២ ទាំងបីសាខា ទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងភូមិវាំងក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ណាល។ដើម្បីស្វែងយល់ផ្សារភ្ជាប់មេរៀនសិក្សាដោយផ្ទាល់ទៅនឹងភ្នំព្រះរាជទ្រព្យ ដែលជាតំបន់ប្រវត្តិសាស្រ្ត ជាអតីតរាជធានីខ្មែរនាសម័យឧដុង្គ ហើយបច្ចុប្បន្នជាទីតម្កល់នូវចេតិយអតីតព្រះមហាក្សត្រខ្មែរ និង ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ ដែលប្រជាជនកម្ពុជាប្រហែលជា៩០ភាគរយបានកំពុងគោរពប្រណិប័តន៍។ បន្ថែមពីនេះទៀតសិស្សានុសិស្សស្វែងយល់ដឹងអំពីរឿងរ៉ាវ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងពង្សាវតារប្រទេសកម្ពុជា ផ្សារភ្ជាប់ទៅនឹង ទិដ្ឋភាពជាក់ស្តែងនៃអតីតរាជធានីខ្មែរសម័យឧដុង្គ។ សិស្សានុសិស្សអាចកាត់បន្ថយភាពតានតាន់តាមរយៈគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាងផ្លូវ និងជុំវិញបរិវេណទីតាំងទស្សនកិច្ច សិក្សា ដែលស្ថិតនៅតាមបណ្តោយដងទន្លេសាប និងលាតសន្ធឹងល្វឹងល្វើយលើផ្ទៃដីកសិកម្មក្នុងខេត្ត កណ្តាល និងកំពង់ស្ពឺ។ ជាពិសេសសិស្សានុសិស្សអារឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងទទួលបានបទពិសោធន៍ក្នុងការបកស្រាយការ ធ្វើបទបង្ហាញ ការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយ មហាជនឱ្យបានកាន់តែប្រសើរ។
Category: កម្មវិធីទស្សនកិច្ចសិក្សា