អគារសិក្សា

អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)

១. អគារ លីម គីមណយ

អគារ លីម គីមណយ (Lim Kim Noy Tower) សាខា​ម៉ៅ​សេ​ទុង (ការិយា​ល័យ​កណ្តាល) មានពណ៌សខ្ពស់ស្កឹមស្កៃ ដែល​អាសយ​ដ្ឋាន​​ស្ថិត​នៅ​​អគារលេខ154 ផ្លូវ402 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទល់មុខ​សាលា​​បឋម​សិក្សាភូមិ7។ អគារ​ លីម គីម ណយ មានកម្ពស់17ជាន់ ​មាន​ទំហំ​អគារ​សរុប​ចំនួន6922m2​ និងទំហំដីមានចំនួន400m2​ ត្រូវបានបញ្ចប់​ការសាងសង់រួច​​រាល់​នៅ​ដើម ឆ្នាំ2015 ប្រកប​ដោយ​ស្តង់​ដា​បែប​ទំនើប​​ គុណភាព សុវត្ថិភាព ផាសុកភាព មានជណ្តើរយន្ត3 ជណ្តើរជើង1 និងជណ្តើរអាសន្ន1។ អគារ លីម គីមណយ (Lim Kim Noy Tower) ជាអគាររបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាម្ចាស់អគារផ្ទាល់។​

អគារ លីម គីមណយ (Lim Kim Noy Tower) គឺអគារដែលសាងសង់ដោយផ្ទាល់ខ្លួនមិនជួលពី អ្នកដទៃទេ ហើយក៏ជាអគារសិក្សាទី6 បន្ទាប់ពីអគារ គួច លៀងហួរ។ នៅក្នុងបន្ទប់សិស្សសិក្សាត្រូវបានរៀបចំបំពាក់នូវម៉ាស៊ីនត្រជាក់ កង្ហារ ស្លាយ ដើម្បីបំពេញ​តម្រូវ​ការក្នុង​ការសិក្សា។ នៅតាមជាន់​នីមួយៗ មានដាក់ថូផ្កាលម្អ និង​មាន​រៀបចំសាឡុង និងតុ សម្រាប់​សិស្សានុសិស្សអង្គុយលេង ឬអានសៀវភៅជាដើម។

អគារ លីម គីមណយ​ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី23 ខែមេសា ឆ្នាំ2015​ ហើយអគារ​នេះ បានដាក់ឱ្យសិស្សរៀន​ថ្នាក់​ចំណេះ​​ទូទៅខ្មែរ​ថ្នាក់ទី7​ ដល់ទី12 នៃ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅ​សេ​ទុង (ការិយា​ល័យ​កណ្តាល) ដំណើរការ​ចូល​រៀន​តាំង​ពីថ្ងៃទី31 ខែមីនា ឆ្នាំ2015 មកម្ល៉េះ។ បច្ចុប្បន្ននេះ អគារ លីម គីមណយ ត្រូវបានដាក់ឱ្យសិស្សថ្នាក់ទី7 ដល់​ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។

២. អគារ ងិន ហួយ

អគារ ងិន​ ហួយ (Ngin Huy) សាខា​ម៉ៅ​សេ​ទុង (ការិយា​ល័យ​កណ្តាល) មានអាសយដ្ឋានស្ថិត នៅអគារលេខ29 ផ្លូវ187 ក្រុម19 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាធានីភ្នំពេញ។ អគារនេះមានកម្ពស់3ជាន់ ហើយមានទំហំ​អគារ​សរុប​ចំនួន 2929.9m2​ និងដីជាប្រភេទដីឡូត៍មានទំហំ 1946.86m2​

បន្ទាប់ពីបានជួសជុល និងចូលកាន់កាប់ជាផ្លូវការរួចមក ការរៀបចំសាងសង់​ក៏បានចាប់ផ្តើម​សាង​សង់រួចរាល់ក្នុងឆ្នាំ2007 ហើយបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី16 ខែសីហា ឆ្នាំ2007។

ឈ្មោះថា អគារ ងិន ហួយ គឺជាឈ្មោះរបស់ជីដូនបង្កើតរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​ដែល​ជា​ឧបាសិកា មានចិត្តសន្តោសប្រណីចំពោះកូនចៅ និងអ្នកភូមិផងរបងជាមួយ។ ដើម្បីរំឭកនឹកគុណ​ដល់​ជីដូន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​ បានប្រសិទ្ធនាម​អគារនេះដំបូងគេ ក្នុងចំណោម​អគារសិក្សា​របស់លោកថា អគារ ងិន ហួយ ចាប់តាំងពីថ្ងៃបើកសម្ពោធរៀងមក។ អគារ ងិន ហួយ ត្រូវបានផ្លាស់ប្តូ​ររូបរាង ជួសជុល ​​តុបតែង​អគារឱ្យមានភាពស្រស់ស្រាយ ដូចជា​ការ​​​រៀបចំកន្លែងក្មេងលេង (Playground) ​បានរៀបចំដាក់របស់ក្មេងលេង និងរូបភាពគូរ​លើ​ជញ្ជំាង​ គឺដើម្បីទាក់ទាញសិស្សឱ្យមានចិត្ត​​​ចង់មក​រៀន​​ដោយភាពរីករាយ និងស្រស់ថ្លា។

អគារ ងិន ហួយ ជាអគារសិក្សាសម្រាប់សិស្សានុសិស្សរៀនចំណេះទូទៅខ្មែរ ពីថ្នាក់ក្រោម​មត្តេយ្យ​សិក្សា ដល់​​​ថ្នាក់​​ទី6 ដែលត្រូវបានដាក់ឱ្យចូលរៀនតាំងពីឆ្នាំសិក្សា2007-2008 មកម្ល៉េះ។ នៅ​​​ក្នុ​ង​ឆ្នាំ​សិក្សា​2007-2008 អគារសិក្សានេះមានរៀបចំជាសាលប្រជុំនៅជាន់ទី3 ដែល​មាន​ឈ្មោះ​ថា សាល​ប្រជុំ លីម គីមណយ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់សម្រាប់កម្មវិធីធំៗ។ ប៉ុន្តែ​ក្នុង​ខែកក្កដា​ ឆ្នាំ2015 អគារ ងិន ហួយ ត្រូវបានរុះរើស ជួសជុលសាជាថ្មី ហើយបាន​កែ​ប្រែ​សាល​ប្រជុំ​នេះទៅជាបន្ទប់រៀនវិញ។ ការជួស​ជុល​​អគារ បានប្តូរទាំងរបង និង​ក្លោងទ្វារ រៀបចំយ៉ាងស្អាត មិនថា​ក្នុង​បរិវេណអគារ ឬក្នុង​ការិយាល័យផ្សេងៗ ដូចជាការិយាល័យកិច្ចការសិស្ស និងការិយាល័យ​សិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្តូរពី​ជញ្ជាំង​ថ្ម ទៅជាជញ្ជាំងកញ្ចក់វិញ ពោលគឺរូបរាងអគារត្រូវបានផ្លាស់ប្តូរ​ទាំង​ស្រុង។ បន្ទាប់មកនៅឆ្នាំ២០២១ ការិយាល័យ​សិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលស្ថិតនៅជាន់ផ្ទាល់ដី នៃអគារ ងិន ហួយ បានធ្វើការផ្លាស់ប្តូរឥដ្ឋការ៉ូ និងកញ្ចក់ថ្មី ព្រមទាំងធ្វើការផ្លាស់ប្តូរ ការិយាល័យកិច្ចការសិស្ស និងបន្ទប់ប្រឹក្សាយោបល់ពី អគារ ងិន ហួយ ទៅអគារ ងិន ហួយ ខរន័រវិញ។

បច្ចុប្បន្នអគារ ងិន ហួយ ត្រូវបានប្រើប្រាស់សម្រាប់សិស្សចំណេះទូទៅខ្មែរ ថ្នាក់​ក្រោម​មត្តេយ្យ ដល់ទី6 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។

៣. អគារ ងិន ហួយ ខរន័រ

អគារ ងិន​ ហួយ ខរន័រ (Ngin Huy Corner Building) មានអាសយដ្ឋាន​ស្ថិតនៅអគារ​លេខ២៩ ផ្លូវ១៨៧ ក្រុម១៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់នឹង​អគារ ងិន ហួយ។ បន្ទាប់ពីបានចូលកាន់កាប់ជាផ្លូវការរួចមក ការរៀបចំសាងសង់​ក៏បានចាប់ផ្តើម​សាង​សង់រួចរាល់​ក្នុងឆ្នាំ២០១៧។ អគារ ងិន ហួយ ខរន័រ មានកម្ពស់៦ជាន់ចាប់ផ្តើមប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

ឈ្មោះថាអគារ ងិន ហួយ ខរន័រ ដោយសារតែអគារនេះសាងសង់ឡើងជាប់កែងនឹងអគារ ងិន ហួយ ហើយឈ្មោះថា អគារ ងិន ហួយ គឺជាឈ្មោះរបស់ជីដូនបង្កើតរបស់​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​ជា​ឧបាសិកា មានចិត្តសន្តោសប្រណីចំពោះកូនចៅ និងអ្នកភូមិផងរបងជាមួយ។ ដើម្បីរំឭកនឹកគុណ​ដល់​ជីដូនរបស់អ្នក​ឧកញ៉ា វេជ្ជបណ្ឌិតបានប្រសិទ្ធនាម​អគារនេះដំបូង​គេក្នុងចំណោម​អគារសិក្សា​របស់​​​លោកថា អគារ ងិន ហួយ ចាប់តាំងពីថ្ងៃបើកសម្ពោធរៀងមក។

នៅក្នុងឆ្នាំ២០២១ អគារ ងិន ហួយ ខរន័រ បានធ្វើការជួសជុលជាន់ផ្ទាល់ដី ដោយប្រែក្លាយ ភោជនីយដ្ឋាន Te Pak មកជា ការិយាល័យកិច្ចការសិស្ស និងបន្ទប់ប្រឹក្សាយោបល់។ អគារ ងិន ហួយ ខរន័រ មានកម្ពស់៦ជាន់ ត្រូវបានប្រើប្រាស់សម្រាប់សិស្សចំណេះទូទៅ​ភាសាខ្មែរ ថ្នាក់​ក្រោម​មត្តេយ្យសិក្សា ដល់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។